ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យក្រុមជំនាញសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មូសទាំង១៤ខណ្ឌឱ្យបានលឿនការពារមូសខ្លាចម្លងជំងឺប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមជំនាញសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មូសទាំង១៤ខណ្ឌឱ្យបានលឿនការពារមូសខ្លាខាំចម្លងជម្ងឺដល់ប្រជាពលរដ្ឋ នៅរដូវវស្សានេះ ពិសេសត្រូវសហការជាមួយកងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលមានតួនាទីក្នុងការបាញ់ថ្នាំសម្លាប់មូស សូមបាញ់នៅតំបន់ដែលមានហានិភ័យខ្ពស់ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋនៅមូលដ្ឋានរាជធានីភ្នំពេញ។

ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៤ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបេីកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសតាម ខណ្ឌ សង្កាត់ ភូមិ និង សហគមន៍ ក្នុង រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់សូមជឿជាក់លើរាជរដ្ឋាភិបាលដោយអាជ្ញាធរនិងកងកម្លាំងរបស់យើងបានយកអស់កម្លាំងកាយចិត្តដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំកំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ ហើយកម្លាំងរបស់យើងមួយចំនួនទៀតបានយកមកប្រើប្រាស់ក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺគ្រុនឈាមទៅតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

លោកអភិបាលបន្តថា៖ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមបាញ់ថ្នាំសម្លាប់មូសនេះ អោយបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាមជូនប្រជាពលរដ្ឋ។

លោកបានលើកឡើងទៀតថា៖ ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើអោយក្មេងមានជម្ងឺគ្រុនឈាម កាលណាកើតមានជម្ងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលាក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះ ក្រុមការងារបានបែងចែកជាក្រុមចុះបាញ់នៅក្នុងមូលដ្ឋានខណ្ឌចំនួន៧ រួមមាន៖ ខណ្ឌមានជ័យ ,ខណ្ឌសែនសុខ ,ខណ្ឌពោធិសែនជ័យ ,ខណ្ឌឬស្សីកែវ ,  ខណទួលគោក ,ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕. ដោយ .សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print