ព្រះមហាក្សត្រថៃរាជានុញ្ញាត និងទទួលស្គាល់លោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីផ្លូវការ

ចែករំលែក៖

ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី នៅប៉ុន្មាន សប្ដាហ៍ខាងមុខនេះ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានអានដោយលេខាធិការរដ្ឋសភាថៃ លោក Apat Sukhanand នៅឯពិធីផ្លូវការមួយរៀបចំឡើងក្នុង ទីក្រុងបាងកក។ ដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អ្នកស្រី Paetongtarn បានលុតជង្គង់ និងធ្វើការគោរពនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ មុននឹងធ្វើការ ថ្លែងសុន្ទរកថាខ្លីមួយអរគុណទៅកាន់ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រ សម្រាប់ការជ្រើសតាំងឱ្យអ្នកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
ក្នុងសុន្ទរកថា អ្នកស្រី Paetongtarn បានគូសបញ្ជាក់ដូច្នេះថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំរួមគ្នាជាមួយអ្នកតំណាងរាស្ត្រ ដោយបើកចិត្ត ទូលាយ។ ខ្ញុំនឹងស្ដាប់រាល់មតិទាំងអស់ ធ្វើដូច្នេះទើបយើងអាចនាំប្រទេសឆ្ពោះទៅរកស្ថិរភាព»។
សូមបញ្ជាក់ថា ៖ អ្នកស្រី Paetongtarn មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃ និងជានាយករដ្ឋមន្ត្រីជាស្ត្រីទី២ បន្ទាប់ពីអ្នកស្រី យ៉ីងឡាក់ ដែលត្រូវជាមីងរបស់អ្នកស្រី។ អ្នកស្រីដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រីថៃកាលពីសុក្រ ទី១៦ ខែសីហា ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងជានាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ។
សូមរំលឹកថា ៖ អ្នកស្រី ផែថោងថាន វ័យ៣៧ឆ្នាំ បច្ចុប្បន្នគឺជាមេដឹកនាំគណបក្ស Pheu Thai ផ្ទាល់ ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋសភាថៃនឹងបើកសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោតអនុម័តនាយករដ្ឋមន្រ្តីថ្មី។ បណ្តាដៃគូ នៅក្នុងក្រុមចម្រុះ រួមមានគណបក្ស Bhumjaithai និង Palang Pracharath ជាដើម បាននាំគ្នាអះអាងថា ពួកគេផ្តល់ការគាំទ្រដល់បេក្ខជននាយករដ្ឋមន្រ្តីរបស់ Pheu Thai ក្នុងការបោះឆ្នោតនោះ ។ បើតាមនីតិវិធីរបស់រដ្ឋសភាថៃ អ្នកដែលត្រូវបានជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ត្រូវប្រមូលឱ្យបានសំឡេងគាំទ្រលើសពាក់កណ្ដាល នៃចំនួនសមាជិក រដ្ឋសភាសរុបទាំង៤៩៣រូប ខណៈក្រុមចម្រុះទាំង១១គណបក្សដឹកនាំដោយ Pheu Thai មានសំឡេងនៅក្នុងដៃ ៣១៤អាសនៈ ក្នុងនោះមាន១៤១អាសនៈជារបស់ Pheu Thai ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print