ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៨សីហា ឆ្នាំ២០២៤នេះដែលជាថ្ងៃដែលក្រុមអគតិ និងពួកជ្រុលនិយមគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ ឃើញថា ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានអ្វីខុសប្លែកពីសព្វមួយដងនោះទេ ពោលគឺប្រជាពលរដ្ឋចេញរកស៊ីទទួលទានជាធម្មតា ។ ដោយឡែកពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិនវិញ បានរួតរៈក្រោកពីព្រឹកទិញរបស់របរដើម្បីធ្វើពិធីសែនក្បាលទឺកតាមប្រពៃណីខ្មែរកាត់ចិនរៀងៗខ្លួន ដោយមិនមានការជួបជុំ ឬបង្កចលាចលណាមួយ ធ្វើឱ្យ អសន្តិសុខក្នុងសង្គមនោះឡើយ ។
ស្ថានភាពអំណោយផល រួមជាមួយសន្តិសុខសុវត្ថិភាពល្អប្រសើរនេះ គឺពិតបានកើតឡើង ដោយសារអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ទប់ស្កាត់ក្រុមជន អគតិមួយចំនួន ដែលមានបំណងធ្វើបាតុកម្ម ចង់ផ្តួលរំលំរាជ រដ្ឋាភិបាល ស្របច្បាប់ ។
តាមការបញ្ជាក់ឱ្យដឹងពីមន្រ្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ថា៖.ស្ថានភាពទូទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី១៨សីហា ឆ្នាំ២០២៤ នេះ មានសភាពជាធម្មតា គ្មានការរំជើបរំជួល ដូចពួកជ្រុលនិយមដែលមានបំណងធ្វើបាតុកម្ម ប្រឆាំងនឹងរាជរដ្ឋា ភិបាលស្របច្បាប់លើកិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណ អភិវឌ្ឃន៏កម្ពុជា.ឡាវ.វៀតណាម (CLV.DTA)នោះទេ។
អ្នកនាំពាក្យបានបន្តថា៖ សកម្មភាពប្រកបអាជីវកម្ម , ការធ្វើសកម្មភាពជាប្រក្រតីក្នុងការរកស៊ីលក់ដូរមិនមានការប្រែប្រួលឬស្ថានភាព មិនប្រក្រតីណាមួយកើតឡើងនោះទេ ។ដោយនៅតាមដងផ្លូវនិងដងមហាវិថីនានា ក្នុងទីក្រុងមានសភាពស្ងប់ស្ងាត់។ ក្នុងនោះដែរភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិនៅតែដើរទស្សនាកំសាន្តតាមរមណីដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដូចជា៖ រមណីដ្ឋានវត្តភ្នំ,ព្រះបរមរាជវាំង, វិមានឯក រាជ្យ,សារមន្ទីរជាតិជាដើម ពុំមានអ្វីប្រែប្រួល និងពុំមានការចាប់អារម្មណ៏រឿងបាតុកម្មរបស់ក្រុមជ្រុលនិយមនោះឡើយ។
សូមបញ្ជាក់ថា នៅមុនថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការនានា ជាមួយកម្លាំងចម្រុះទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសជាង១៧លាននាក់ ឱ្យរស់រាន មានសេចក្ដីសុខសាន្ដ ជាធម្មតា ៕ ដោយ៖ សំរិត