ខេត្តព្រះវិហារ ៖ ខ្មែរយើងផលិតម្សៅថ្ម quartz សម្រាប់ធ្វើថ្មម៉ាបសិប្បនិម្មិតនៅក្រៅប្រទេស និងឈានទៅកែច្នៃផលិតដែកពាក់កណ្ដាលសម្រេចចេញពីខេត្តព្រះវិហារ។ នេះគឺជាប្រសាសន៍របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី 16 ខែសីហាឆ្នាំ 2024 កន្លងទៅ ក្នុងឱកាសលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ ការដ្ឋានរ៉ែ នៅស្រុករវៀង ខេត្តព្រះវិហារ ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ៖ សូមថ្លែងអំណរគុណដល់លោកអភិបាលរងខេត្តតំណាងឲ្យលោកអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ដែលមានភារកិច្ចបំពេញបេសកកម្មនៅភ្នំពេញ អរគុណបង គង្គា និងភរិយា ព្រមទាំងបុគ្គលិក សហការី និងថ្លែងអំណរគុណក្រុមហ៊ុនក្លូប៊លគ្រីន ជាមួយក្រុមហ៊ុននូរី ត្រេឌីង,ប្រតិភូក្រសួងដែលបានមកចូលរួម និងលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ជាពិសេសសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ក្រុមហ៊ុននូរី ត្រេឌីង ដែលបានធ្វើជាម្ចាស់ផ្ទះ នៃការចុះសួរសុខទុក្ខ បងប្អូនកម្មករ ក៏ដូចជាស្វែងយល់ ពីអាជីវកម្មទាំងពីរនេះ។
លោករដ្ឋមន្ត្រីលើកឡើងថា ៖ នេះគឺជាការជួបជុំគ្នាដ៏មានន័យ ដោយសារថា,កាលពីមុនទឹកដីរបស់យើងងើបពីខ្មែរក្រហមមក គឺបាតដៃទទេ ! គ្មានភ្លើងអគ្គិសនី គ្មានសន្តិសុខ គឺពិបាកខ្លាំងណាស់ សូម្បីតែអភិបាលរងខេត្ត ដែលធ្លាប់រស់នៅទីនេះ ជាង២០ឆ្នាំមុន ក៏បានអះអាងថាខេត្តព្រះវិហារមានផ្លូវកៅស៊ូពីដើម ត្រឹមតែមួយគីឡូម៉ែត្រប៉ុណ្ណោះនៅចំកណ្ដាលក្រុង ក្រៅពីហ្នឹងសូម្បីតែជិះកង់ក៏ពិបាក ជិះត្រង់ណាពិបាកទប់ចោលត្រង់ហ្នឹង ! ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ មុនឆ្នាំ 2012 គ្មានភ្លើងអគ្គិសនីធំដុំមកប្រើប្រាស់នៅក្នុងខេត្ត គឺមានត្រឹមតែម៉ាស៊ីនតូចៗដែលមានតម្លៃត្រឹមតែប៉ុន្មានរយរៀលក្នុង 1 គីឡូវ៉ាត់ម៉ោង ហើយមិនអាចពង្រីកអាជីវកម្មអ្វីបានទេ។ ប៉ុន្តែតាមការចង្អុលបង្ហាញពីសម្ដេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរូបលោកជាអគ្គនាយកអគ្គិសនីកម្ពុជា បានទៅចរចាជាមួយសមភាគីនៅប្រទេសឡាវ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ។ លោករដ្ឋមន្រ្តីបន្តថា, ជ្រុងឡាវនេះ យើងយកភ្លើងមកមុនគេ ដូច្នេះឆ្នាំ 2012 យើងបើកការភ្ជាប់ភ្លើងដំបូងនៅឯកំពង់ស្រឡៅ ! គឺយើងបានភ្លើងពីរមេកាវ៉ាត់ពីឡាវ ដោយសាររង់ចាំបណ្ដាញអគ្គិសនីជាតិពីឆ្នាំ២០២០ យូរពេក ។ ដល់ឆ្នាំ 2017 ជាពិសេសយើងបានយកភ្លើងតុងស្យុងខ្ពស់កម្រិត 115 គីឡូវ៉ុលពីរឡើងមក ដើម្បីពង្រីកវិសាលភាព នៃការផ្គត់ផ្គង់ឲ្យខេត្ត ។ ក្រោយមកមុនឆ្នាំ២០២០ បានបណ្ដាញជាតិ មកចាប់ដៃជាមួយខេត្តព្រះវិហារ និងកំពង់ធំមក មានន័យថានេះគឺជាចែកចាយបណ្ដាញភ្លើងទូទាំងប្រទេស ទូទាំងខេត្តព្រះវិហារ ដែលអាចអនុញ្ញាតឱ្យយើងយកភ្លើងពីខេត្តកោះកុង ខេត្តកំពត ពោធិ៍សាត់ កំពង់ស្ពឺ ពីខេត្តព្រះសីហនុ មកផ្គត់ផ្គង់ឱ្យខេត្តព្រះវិហារ ឱ្យទៅជាចំណែកមួយនៃបណ្ដាញជាតិ ! ។
លោករដ្ឋមន្ត្រីបានលើកឡើងថា, ប្រសិនបើយើងគ្មានកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាឡាវនិងវៀតណាម ដូច្នេះអ្នកព្រះវិហារនិងរង់ចាំដល់ឆ្នាំ២០២០ បានមានភ្លើងពីបណ្ដាញជាតិមក។ ពេលនោះហើយពិតណាស់ថាប្រជាពលរដ្ឋគាត់មិនព្រមទេ រាជរដ្ឋាភិបាលមិនព្រមទេ ទុកឱ្យប្រជាពលរដ្ឋដល់ឆ្នាំ២០២០ មានភ្លើងប្រើប្រាស់ ដូច្នេះហើយអត្ថប្រយោជន៍ ត្រីភាគីនេះហើយដែលធ្វើឲ្យខេត្តក្រចេះ ព្រះវិហារ ស្ទឹងត្រែង មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ។ ក្នុងនោះយើងក៏មានការចរាចរណ៍ផ្លាស់ប្ដូរពាណិជ្ជកម្មទំនិញទៅវិញទៅមក ជាការបង្កើតការងារឲ្យរាប់ម៉ឺនរាប់សែន ដល់ខេត្តព្រះវិហារនេះ ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា , ទោះមានករណីជម្លោះជាមួយភាគីថៃរឿងប្រាសាទព្រះវិហារ ប៉ុន្តែកម្ពុជាមិនបានបាត់បង់ទឹកដីណាបន្តិច ក្នុងដំណើរការកិច្ចសហប្រតិបត្តិការត្រីភាគីរវាងប្រទេសកម្ពុជាឡាវ វៀតណាម នោះឡើយ។ អ្វីដែលយើងឃើញសមិទ្ធផលសព្វថ្ងៃនេះ តាមដងផ្លូវ នៅខេត្តព្រះវិហារ ពោរពេញទៅដោយដំណាំពណ៌បៃតង សបញ្ជាក់ថា ៖ ប្រទេសជាតិយើង ពិសេសខេត្តព្រះវិហារមានការអភិវឌ្ឍច្រើន។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានបន្តថា ៖ គោលនយោបាយដ៏ត្រឹមត្រូវបំផុត គឺការពារបូរណភាពដែនដី ដូចសម្ដេចតេជោបានធ្វើកន្លងមក ក៏ដូចសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងតែ ការពារបន្តហ្នឹង! តាមរយៈផែនទីដែលព្រះករុណាយកទៅតម្កល់ នៅអង្គការសហប្រជាជាតិ ។
នៅចំពោះមុខបុគ្គលិក កម្មករការដ្ឋានរ៉ែប្រមាណ 400 នាក់ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ លោកសប្បាយចិត្ត មានក្រុមហ៊ុនដាក់ទុនវិនិយោគ ប្រជាពលរដ្ឋមានការងារធ្វើ តាមមូលដ្ឋានមានសន្តិសុខ មានចំណូលចិញ្ចឹមគ្រួសារ ! សូម្បីតែបងប្អូនយើងក៏សប្បាយចិត្តដែរ។ ពេលដែលមានការងារធ្វើទទួលបានចំណូលគ្រប់គ្រងគ្រួសារ។
លោករដ្ឋមន្ត្រីបានថ្លែងថា ៖ ខ្ញុំតំណាងឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអបអរសាទរ និងអរគុណ ចំពោះបងគង្គា ! និងលោកស្រី ក្រុមគ្រួសារ ដែលបានដាក់លុយវិនិយោគ ទាំងការធ្វើថ្មអារ ទាំងការធ្វើថ្ម quartz មកធ្វើជាសិប្បនិម្មិត បង្កើនតម្លៃបន្ថែម បង់ពន្ធឲ្យរដ្ឋ ចិញ្ចឹមបុគ្គលិកកម្មករខ្មែរ ឱ្យមានការរីកចម្រើន ខ្ញុំពិតជាសូមអរគុណ។
លោករដ្ឋមន្ត្រីលើកឡើងទៀតថា ៖ បង ! «គង្គា» បានដាក់លុយវិនិយោគជា ជិត 10 លានដុល្លារ អ្នកឧកញ៉ាទ្រីភាពបានដាក់លុយវិនិយោគជិត40 លានដុល្លារ ហើយបញ្ហារ៉ែគឺជាបញ្ហាប្រថុយប្រថានច្រើនណាស់ ខ្ញុំក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុក បញ្ហារ៉ែ ជាមួយនឹងអ្នកជំនាញវិស័យរ៉ែ ដោយសារវិស័យរ៉ែនេះគ្រោះថ្នាក់ណាស់ពីព្រោះ ការសិក្សាស្រាវជ្រាវរ៉ែ គឺជាការសិក្សាដោយទិន្នន័យ ពីប្រវត្តិសាស្ត្រ ពីបច្ចេកទេស ហើយធ្វើការព្យាករណ៍ គ្មាននរណាទៅដឹងថានៅក្នុងភ្នំ ក្រោមដី មានថ្ម ដែកប៉ុណ្ណឹងទេ ! ដោយសារការសិក្សាគ្រាន់តែឲ្យសន្ទសន៍បឋម ដូច្នេះតាមការព្យាករណ៍ និងការគណនាតាមវិទ្យាសាស្ត្រគេអាច ព្យាករណ៍កម្រិត មួយដើម្បីដាក់ការវិនិយោគ ប៉ុន្តែមិនមែនមានន័យថា មានប្រាកដនិយម 100% នោះទេ។ ជួនកាលមានតែស្រទាប់លើ ដល់ផ្នែកខាងក្រោមទទេ ! ជួនកាលដាក់លុយទៅខួងយកថ្ម ថ្មម៉ាបវាមានតែខាងលើ ប៉ុន្តែដល់ទៅខួងយក ថ្មខាងក្រោមបានដឹងថាបែក បានដឹងថាថ្មមានប្រេះ មានឆ្នូត មានស្រាំ ដូច្នេះគេអត់ត្រូវការទិញទេ ។
ខ្ញុំលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យរ៉ែ ព្រោះការវិនិយោគលើវិស័យរ៉ែ ជាការវិនិយោគដែលមានហានិភ័យខ្ពស់ បើសិនប្រៀបធៀបជាមួយនឹងការធ្វើសណ្ឋាគារ ការទិញដីលក់ដី ការធ្វើផ្ទះលក់ ហានិភ័យខ្ពស់ឆ្ងាយណាស់ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ អ្នកដែលដាក់លុយរឿងរ៉ែនេះ គឺជាអ្នកដែលស្រឡាញ់ ! ដូចអ្នកធ្វើចំការ បានត្រឹមតែនិយាយនឹងមាត់ តែមិនបានស្រឡាញ់ថែរក្សាចំការ មិនអាចធ្វើចំការបានទេ ។ ដូច្នេះគាត់ទាំងពីរនាក់ បានដាក់ចិត្តដាក់កាយ មកវិនិយោគទុន ក្នុងយន្តកាលឈ្នះឈ្នះទាំងអស់គ្នា កម្មករបានការងារធ្វើ សេដ្ឋកិច្ចមានការរីកចម្រើន ហើយសូមឱ្យកម្មករទាំងអស់ខំធ្វើការ ដើម្បីឲ្យក្រុមហ៊ុនកាន់តែមានការរីកចម្រើន ពេលនោះហើយដែលក្រុមហ៊ុនបានបង្កើនប្រាក់ខែ ប្រាក់ថ្ងៃ ឱ្យយើងទៀតនៅពេលខាងមុខ។
លោករដ្ឋមន្ត្រីបានបន្តថា ៖ នៅពេលនេះខ្ញុំសូមអរគុណក្រុមហ៊ុននិងបុគ្គលិកកម្មករទាំងអស់ ពីព្រោះការវិនិយោគនេះ មិនត្រឹមតែប្រយោជន៍ក្រុមហ៊ុនមួយប៉ុណ្ណោះទេ ធ្វើនេះមិនមែនដើម្បីចិញ្ចឹមខ្លួនឯងទេ ប៉ុន្តែយើងបានចូលរួមចំណែក ក្នុងការចូលរួមកសាងប្រទេសកម្ពុជាមួយ ឱ្យមានការរីកចម្រើនជាងមុន ពីព្រោះថាការចូលរួមលើវិស័យរ៉ែរបស់បងប្អូន ក្រុមហ៊ុនទាំងពីរនេះបានបង់សួយសារអាករ គ្រប់ប្រភេទឲ្យរដ្ឋ ជាង 10 លានដុល្លាររួចហើយ លុយនេះយកទៅធ្វើផ្លូវ យកទៅធ្វើសាលារៀន យកទៅទិញអាវុធដើម្បីការពារទឹកដី របស់យើង ដើម្បីប្រាក់ខែមន្ត្រីរាជការ ដើម្បីទិញថ្នាំសង្កូវ ព្យាបាលប្រជាពលរដ្ឋ ដាក់លុយដើម្បីបណ្ដុះបណ្ដាលយុវជនតាមរយៈបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលទូទាំងប្រទេស ដែលជាគោលនយោបាយបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, ប្រទេសកម្ពុជាយើងគឺជាប្រទេស ដែលកំពុងច្នៃគ្រឿងអលង្ការ ដែលថ្លៃជាងគេបំផុតនៅក្នុងពិភពលោក គឺរបស់ក្រុមហ៊ុន channel យើងកំពុងតែកែច្នៃគ្រឿងអលង្ការឲ្យហ្វ្រេនដ៏ធំបំផុតនៅក្នុងពិភពលោក គឺម៉ាក channel ។ មានន័យថាម៉ាក channel គឺធ្វើនៅភ្នំពេញយើងនេះទេ។ ឥឡូវនេះកម្ពុជាយើងទៅយកពីក្រោមដីមកធ្វើថ្មម៉ាប លក់ទៅទីផ្សារពិភពលោក ទៅប្រទេសចិន អាមេរិក ជប៉ុន និងកន្លែងផ្សេងទៀត នេះគឺជាមោទនភាពរបស់ខ្មែរយើង។
កាលមុនយើងទិញថ្មម៉ាប ក្រានីត មកពីគេទាំងអស់ ឥឡូវយើងធ្វើការ៉ូ ថ្មម៉ាបប្រើក្នុងស្រុកហើយ នាំចេញទៅក្រៅប្រទេសថែមទៀត ដើម្បីចំណូលដល់ជាតិខ្មែរ ។ លោករដ្ឋមន្ត្រីថា ៖ ក្រុមហ៊ុននូរី ត្រេឌីង នាំមុខគេក្នុងការយកថ្មធ្វើម្សៅថ្ម quartz មកកិនទៅជាម្សៅ ធ្វើជាម៉ាតសិប្បនិម្មិត ដើម្បីបង្កើនថ្លៃបន្ថែម ដោយមិនមែនយកថ្មទាំងដុលទៅលក់ ក្រៅប្រទេសនោះទេ ប៉ុន្តែកែច្នៃ ហើយយើងអាចយកវាទៅធ្វើថ្មម៉ាប ជាការបង្កើនតម្លៃឲ្យជាតិខ្មែរ ! ម្យ៉ាងទៀតម៉ាបសិប្បនិម្មិតវាមិនជ្រាបទឹក បើម៉ាបធម្មជាតិត្រូវទឹកវាអាចមានពណ៌អ្វីផ្សេង ប៉ុន្តែម៉ាបសិប្បនិម្មិតនេះ គឺជាប្រភេទម៉ាត ដែលតក់ស្អីពីលើក៏មិនខូចគុណភាពដែរ។ ដូច្នេះហើយនៅលើកពិភពលោកគេត្រូវការម៉ាបសិប្បនិមិត្តនេះណាស់ វាស្អាត គេអាចកែច្នៃទៅតាមបច្ចេកទេសច្នៃម៉ូតផ្សេងៗ។ នេះគឺជាការរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ! នេះគឺជាការចូលរួមចំណែករបស់វិស័យឯកជន ខ្មែរយើង ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ៖ បើតាមពួកប្រឆាំង ! យើងធ្វើអីក៏មិនបានដែរ ! ស្អីទើស ! ស្អីប្រឆាំង ! រហូត ! ប៉ុន្តែចូលចិត្តនិយាយល្អណាស់តែពីស្រុកគេ ។
អ្វីដែលក្រុមហ៊ុនកំពុងដាក់ទុនវិនិយោគនេះ គឺជាការចង់បានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់វិធានការបន្ថែម ដើម្បីឲ្យបងប្អូនមានការងារធ្វើ រកចំណូលចូលក្រុមគ្រួសារ ក្រុមហ៊ុនជាខ្មែរ ក្នុងវិស័យរ៉ែ ដើម្បីជំរុញវិស័យរ៉ែឲ្យមានការរីកចម្រើន ដើម្បីឲ្យការនាំចេញបង្កើតចំណូលឲ្យជាតិ មានការកើនឡើង ហើយឱ្យប្រាក់ខែក៏ដូចជាសុវត្ថិភាពកម្មករ រីកចម្រើនទៅមុខដែរ នេះក៏ជាមុំមួយក្នុងការការពារបរិស្ថាន ការពារកម្មករ ពីការដ្ឋានរ៉ែ ៕
ដោយ សុខខេមរា