ភ្នំពេញ ៖ ក្នុងក្របខណ្ឌជាលេខាធិការដ្ឋាន របស់គណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់រៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ។
សិក្ខាសាលា បានរៀបចំឱ្យមានការធ្វើបទបង្ហាញ និងវេទិការសំនួរចម្លើយ ពីវាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាលទៅលើប្រធានបទចំនួន៦ រួមមាន៖ ប្រធានបទទី១ ស្តីពី “ការរៀបចំផែនការ ការគ្រប់គ្រង និងការអភិវឌ្ឍបុគ្គលិកប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល”, ប្រធានធានបទទី២ ស្តីពី “ការជ្រើសរើស និងការគ្រប់គ្រងបុគ្គលិកសុខាភិបាលរបស់មន្ទីរពេទ្យស្រុកប្រតិបត្តិ ឬមន្ទីរពេទ្យបង្អែក”, ប្រធានធានបទទី៣ ស្តីពី “ការជ្រើសរើស និងការគ្រប់គ្រងបុគ្គលិកសុខាភិបាលរបស់មណ្ឌលសុខភាព”, ប្រធានធានបទទី៤ “ការគ្រប់គ្រងអ្នកប្រកបជំនាញវិជ្ជាជីវៈសុខាភិបាល និងការអភិវឌ្ឍវិជ្ជាជីវៈបន្ត”, ប្រធានធានបទទី៥ ស្តីពី “ការផ្តល់ប្រាក់សោធននិវត្តន៍តាមគោលនយោបាយ ស្តីពីរបបសន្តិសុខសង្គម”, ប្រធានធានបទទី៦ ស្តីពី “ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីសុខាភិបាលផ្អែកតាមកិច្ចព្រមព្រៀងការងារ”៕
ដោយ ៖ សិលា