ភ្នំពេញ ៖ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Lee Sang Yoon នាយកប្រតិបត្តិក្រុមហ៊ុន Haeje Industry Development ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់ វិស័យនៅកម្ពុជា និងបានគោរពជម្រាបជូន សម្តេចធិបតី អំពីជោគជ័យនៃការរៀបចំពិពរណ៍ផ្ទាំងគំនូររបស់ ក្រុមហ៊ុននៅកម្ពុជា នាពេលថ្មីៗនេះ។ ដោយផ្អែកលើបទពិសោធន៍ជោគជ័យនេះ លោកនាយកប្រតិបត្តិ គ្រោងនឹង រៀបចំពិព័រណ៍នេះជាលើកទី២ ហើយនឹងបរិច្ចាគថវិកា ដែលទទួលបានពីកម្មវិធីជូនកាកបាទក្រហមកម្ពុជា សម្រាប់ សកម្មភាពមនុស្សធម៌។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិ ក៏បានប្រគល់ជូន សម្តេចធិបតី នូវផ្ទាំង គំនូរដ៏ល្អវិចិត្រ ដែលជារូបរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សម្តេចធិបតី បានអបអរសាទរចំពោះជោគជ័យ នៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបាន ប្រព្រឹត្តទៅនៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំពិព័រណ៍បែបនេះនៅកម្ពុជា ដែលនឹងរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេស ទាំងពីរ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការរៀបចំផ្ទាំងគំនូរដ៏វិចិត្រនេះអំពី សម្តេចតេជោ ហ៊ុន សែន ដែលជានិមិត្តរូបនៃការតស៊ូ និងការលះបង់របស់ សម្តេចតេជោ ក្នុងការរំដោះជាតិ និង ស្វែងរកនូវសុខសន្តិភាពពេញលេញជូនប្រទេស និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានផ្តួចផ្តើមភ្ជាប់ទំនាក់ទំនង ការទូតជាមួយសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ១៩៩៧ ៕