ខេត្តសៀមរាប ៖ ក្មេងទំនើងចំនួន ៣នាក់ត្រូវបាននគរបាលក្រុងសៀមរាប ខេត្តសៀមរាប និងនគរបាលស្រុកជីក្រែងសហការធ្វើការបង្ក្រាបបានទាន់ពេលវេលា។
ការបង្ក្រាបធ្វើឡើង នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
បើតាមនគរបាលក្រុងសៀមរាប បានអះអាងឱ្យដឹងថា ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ ចូលរួមសហការពីកម្លាំងនគរបាលស្រុកជីក្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា ( វាយនឹងមួកសុវត្ថិភាព ) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី នៅចំណុចលើផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកសរុប០៧នាក់ទៀត ពិតជាបានធ្វើសកម្មភាព វាយទៅលើអ្នកធ្វើដំណើរពិតប្រាកដមែន ។ ចំណែកបក្សពួកផ្សេង ទៀតបានរត់គេគេចខ្លួន ។
កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជនសង្ស័យធ្វើសកម្មភាព ១គ្រឿង ។ ចំណែកបក្សពួកជនសង្ស័យ កំពុងស្រាវជ្រាវបន្ត ។ បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី៕