លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី«វេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជាលើកទីមួយ»

ចែករំលែក៖

ភ្នំពេញ÷ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អបអរសាទរខួប ១ឆ្នាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងប្រាប់ដល់វិស័យឯកជនឱ្យស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ហើយជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមរូបភាព «ភាពជាដៃគូ និងភាពជឿជាក់គ្នាទៅវិញទៅមក»។

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី«វេទិកាអភិវឌ្ឍន៍ទីផ្សារមូលធននៅកម្ពុជាលើកទីមួយ» ដែលរៀបចំដោយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពីបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និងជាប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា,អគ្គនាយកទីផ្សារមូលបត្រកម្ពុជា លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកតំណាង ក្រុម ហ៊ុន អ្នកជំនាញ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប សរុបអ្នកចូលរួមប្រមាណ ៥០០នាក់។

ថ្លែងក្នុងកម្មវិធីឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ដែលបានផ្តួចផ្តើមរៀបចំវេទិកានេះឡើង ដោយបានកៀរគរអ្នកចូលរួមដែលជាម្ចាស់អាជីវកម្មឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងអ្នកជំនាញគ្រប់គ្រងមូលនិធិជាច្រើនរូប ដើម្បីមកស្វែងយល់អំពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរទស្សនៈ ចែក រំលែកជាមួយម្ចាស់អាជីវកម្ម បទពិសោធក្នុងការអភិវឌ្ឍអាជីវកម្មតាមបែបសម័យថ្មី ជាពិសេសតាមរយៈការប្រើប្រាស់ទីផ្សារមូលធន ដើម្បីអភិវឌ្ឍអាជីវកម្មផងដែរ។ 

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជាធាតុចូលដល់អង្គសិក្ខាសាលាចំនួន ៣ ចំណុចរួមមាន៖ ទី១.លក្ខណៈអំណោយផល និងអត្ថប្រយោជន៍នានា ដូចជាការលើកទឹកចិត្តផ្នែកពន្ធ ដែលរាជរដ្ឋាភិបាល បានផ្តល់ជូនត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទី២.បច្ចេកវិទ្យាហិរញ្ញវត្ថុ ជាប្រព័ន្ធថ្មីដែលពោរពេញដោយកាលានុវត្តន៍ភាព និងសក្តានុពលនៃការពន្លឿនវិស័យមូលបត្រនៅកម្ពុជា ដែលទាំងវិស័យសាធារណៈ និងវិស័យឯកជនគួរចាប់យក និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងទី៣.លោកបានលើកទឹកចិត្ត ទាំងវិស័យសាធារណៈ វិស័យឯកជន និងគ្រប់ភាគីពាក់ ព័ន្ធក្នុងការបន្តឱ្យជិតស្និទ្ធតាមរយៈការបន្តផ្លាស់ប្តូរ និងចែករំលែកនូវបញ្ហាប្រឈម ដំណោះស្រាយ និងឧត្តមានុវត្តន៍ល្អៗ សម្រាប់ការជំរុញទីផ្សារមូលបត្រកម្ពុជា ក្លាយជាប្រភពមូលធនក្នុងស្រុកដ៏សកម្ម និងរស់រវើក និងអាចស្រូបទាញមូលធនបន្ថែមពីបរទេសផងដែរ។

ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកជំរុញការកសាងគ្រឹះសេដ្ឋកិច្ចកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជ រដ្ឋាភិបាលកម្ពុជា ប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ លើសពីនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវដល់វិនិយោគិនទាំងអស់ បន្តស្វែងយល់ពីសក្តានុពលកម្ពុជា ដែលមានប្រជាជនវ័យក្មេងដ៏សកម្ម គោលនយោបាយប្រកបដោយភាពទាក់ទាញ និងអំណោយផលដល់ការវិនិយោគ ស្ថិរភាពសង្គម សេដ្ឋកិច្ចល្អប្រសើរ រួមជាមួយឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា របស់អ្នកវិនិយោគ តាមរយៈវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនដែលធ្វើជារៀងរាល់ឆ្នាំ។ 

ដោយថ្ងៃនេះ ជាថ្ងៃខួប ១ឆ្នាំនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ និងសង្កត់ធ្ងន់ទៅលើពាក្យថា «ភាពជាដៃគូ និងភាពជឿជាក់ទៅលើគ្នាទៅវិញទៅមក» សូមវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស សូមឱ្យមានការជឿជាក់ទៅលើព្រះរាជាណាចក្រកម្ពុជា ជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ជាប្រមុខរាជរដ្ឋាភិបាល សូមជឿជាក់មកលើបរិយាកាសអំណោយផលក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីអាចបន្តធ្វើអាជីវកម្ម និងភាពរីកចម្រើនអាជីវកម្មរបស់ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print