ភ្នំពេញ ៖ អបអរសាទរ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជាសមាជិក សមាជិកានៃរាជរដ្ឋាភិបាលជាច្រើនរូប។
កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ដោយក្នុងនោះ “សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ឱ្យបន្តនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ។
សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីបានអនុម័ត និងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថានិងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់សម្រាប់កំណត់អំពីការគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ក្នុងគោលបំណងធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់ និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕