ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យលើវឌ្ឍនភាពគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងក្រុមហ៊ុន CRBC ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន វឌ្ឍនភាពការងារដែលកំពុងអនុវត្ត និងផែនការការងារដែលគ្រោងនឹងធ្វើក្នុងជំហានបន្តបន្ទាប់ ពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យសមាជិក សមាជិកា សហការគ្នាឱ្យបានជិតស្និទ្ធ ផ្តល់ព័ត៌មានទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន តាមផែនការដែលបានគ្រោងទុក៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print