ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថា នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានទទួលព័ត៌មានពាក់ព័ន្ធនឹងករណីជនខិលខូចមួយក្រុមតូច ក្លែងបន្លំជាមន្ត្រីពន្ធដារ ចុះបន្លំប្រមូលប្រាក់តាម ភោជនីយដ្ឋាន, អាហារដ្ឋាន និងអាជីវកម្មដ្ឋានតូចតាចមួយចំនួន ដោយមិនមានប្រើប្រាស់ឯកសណ្ឋានមន្ត្រីពន្ធដារ ឬមានលិខិតបេសកកម្មត្រឹមត្រូវនោះទេ។
ឆ្លើយតបនឹងករណីនេះ អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់ជូនថា ករណីខាងលើនេះ គឺជាករណីក្លែងបន្លំ ដើម្បីបោកបញ្ឆោតអ្នកជាប់ពន្ធ និងប្រជាពលរដ្ឋ ឱ្យមានការភ័ន្តច្រទ្បំ ជាថ្នូរនឹងប្រាក់ចូលហោប៉ៅបុគ្គល ជាបក្សពួកជនខិលខូចមួយចំនួនតូចនោះតែប៉ុណ្ណោះ។
បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា រាជរដ្ឋាភិបាលពុំមានគោលការណ៍ ឬវិធានការឱ្យមន្ត្រីពន្ធដារដើរប្រមូលប្រាក់ពន្ធតាមភោជនីយដ្ឋាន, អាហារដ្ឋាន, អាជីវកម្មដ្ឋាន ឬនៅតាមសហគ្រាសប្រកបអាជីវកម្មនានានោះទ្បើយ។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារសូមជម្រាបជូន អ្នកជាប់ពន្ធ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបថា ដោយអនុវត្តតាមវិធានការកែទម្រង់ជាបន្តបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារ បានវិវត្តខ្លួនជារដ្ឋបាលសារពើពន្ធឌីជីថល (Digital Tax Administration) ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចគ្រប់គ្រង និងប្រមូលចំណូលពន្ធយ៉ាងមានប្រសិទ្ធភាព សមស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។
ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ការប្រកាស និងបង់ប្រាក់ពន្ធគ្រប់ប្រភេទ សុទ្ធសឹងតែអាចប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីតាមបច្ចេកវិទ្យាព័ត៌មាន និងការទូទាត់តាមរយៈធនាគារ ឬតាមអនទ្បាញដោយផ្ទាល់តែម្តង ក្នុងនោះជាអាទិ៍មាន ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនទ្បាញ (E-filing), ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនទ្បាញ (TOI E-filing), កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Pre-filing app), ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនទ្បាញ (E-payment system)។
ទន្ទឹមនឹងការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ និងកម្មវិធីដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំប្រព័ន្ធ និងកម្មវិធីដើម្បីសម្រួលលើការផ្តល់សេវា ជូនអ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ជាពិសេស កម្មវិធីទូរស័ព្ទដៃត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) ដែលផ្តល់លទ្ធភាពយ៉ាងពិសេស ជូនដល់អ្នកជាប់ពន្ធអាចធ្វើការត្រួតពិនិត្យប័ណ្ណសម្គាល់ខ្លួនមន្ត្រី ដើម្បីបញ្ជាក់អត្តសញ្ញាណជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារពិតប្រាកដ ដោយគ្រាន់តែស្គែនលើបារកូដ ឬ QR កូដ លើលិខិតឬប័ណ្ណសម្គាល់ខ្លួន អាចទទួលបានព័ត៌មានភ្លាម, ត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ពន្ធថាពិតជាបង្កាន់ដៃត្រឹមត្រូវឬទេ, តាមដាននិងត្រួតពិនិត្យដំណើរការឯកសារ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ សូមអំពាវនាវដល់ អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្ន និងសូមពិនិត្យឱ្យបានច្បាស់លាស់ ក្នុងករណីមានបុគ្គលណាដែលមិនមានឯកសណ្ឋានមន្ត្រីពន្ធដារ និងមិនមានប័ណ្ណសម្គាល់ខ្លួនត្រឹមត្រូវ ចុះតាមអាជីវកម្មដ្ឋានរបស់អស់លោក លោកស្រី ក្នុងគោលដៅប្រមូលប្រាក់ ពិសេសលើកទ្បើងថាប្រមូលប្រាក់ពន្ធ និងដោយគ្មានលិខិតបេសកកម្ម និងបញ្ជាក់ពីអង្គភាពច្បាស់លាស់ ដែលអាចផ្ទៀងផ្ទាត់បានដោយកម្មវិធីទូរស័ព្ទដៃ ត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check and Track app) បុគ្គលនោះគឺពុំមែនជាមន្ត្រីរបស់អគ្គនាយកដ្ឋានពន្ធដារនោះទ្បើយ។
ក្នុងករណីនេះ សូមអំពាវនាវដល់ អ្នកជាប់ពន្ធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សូមចូលរួមសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដោយផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ១២៧៧ (ឥតគិតថ្លៃ) ដើម្បីអគ្គនាយកដ្ឋានពន្ធដារពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់លើករណីនោះ ឬជូនដំណឹង និងដាក់ពាក្យប្តឹងជាបន្ទាន់ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចំពោះករណីក្លែងបន្លំនេះ៕ដោយ៖តារា