អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិននិងលោកស្រី Retno Lestari Priansari Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី៥នៃយន្តការគណៈកម្មាធិការចម្រុះនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិននិងឥណ្ឌូណេស៊ីនៅក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ លោក Wang Yi បានថ្លែងថា ភាគីចិនបានយកចិត្តទុកដាក់និងអភិវឌ្ឍទំនាក់ទំនងមេត្រីភាពជាមួយភាគីឥណ្ឌូណេស៊ីដោយឈរលើមុំយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយជាប់រហូតមក រីករាយពួតដៃគ្នាអនុវត្តជាក់ស្តែងឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងឥណ្ឌូណេស៊ីឱ្យឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ក៏ដូចជាជំរុញដំណើរការធ្វើទំនើបកម្មរបស់ប្រទេសទាំងពីររៀងៗខ្លួន ។
លោក Wang Yi បានថ្លែងថា ភាគីទាំងពីរគួរប្រកាន់ខ្ជាប់ការធ្វើឱ្យបានល្អនូវ “ការបន្តចំនួនបួន” ។ ទីមួយ បន្តជំរុញឱ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ បង្កើនការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ហើយត្រៀមរៀបចំឱ្យបានល្អនូវសកម្មភាពអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៥ ។ ទីពីរ បន្តពង្រឹងការកសាងទំនុកចិត្តគ្នាខាងយុទ្ធសាស្ត្រ គាំទ្រការគាំពារផលប្រយោជន៍ជាស្នូលរៀងៗខ្លួនយ៉ាងមុតមាំ ។ ទីបី បន្តពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជំរុញការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ទីបួន បន្តបង្កើនការយល់ដឹងពីគ្នានិងរាប់អានគ្នា លើកកម្ពស់កម្រិតភាពងាយស្រួលរវាងប្រជាជន ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកស្រី Retno Lestari Priansari Marsudi បានថ្លែងថា ចិនបានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ឥណ្ឌូណេស៊ី ។ ឥណ្ឌូណេស៊ីនឹងចាត់ទុកខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងប្រទេសទាំងពីរជាឱកាស ខិតខំប្រឹងប្រែងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនដែលមានភាពកាន់តែខ្លាំងក្លា ។ ឥណ្ឌូណេស៊ីរីករាយធ្វើកិច្ចសហប្រតិបត្តិការពហុភាគីជាមួយភាគីចិនយ៉ាងជិតស្និទ្ធ អនុវត្តតាមពហុភាគីនិយម និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ៕