សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែសីហា បានផ្សាយថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្ដាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក្រោមក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមួយ ដែលមានគោលដៅរក្សាភាពតានតឹងរវាងសហរដ្ឋអាមេរិក នឹងចិនឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ខណៈសហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោក Jake Sullivan នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែសីហា ហើយលោកនឹងពិភាក្សាការងារលើបញ្ហាជាច្រើន រាប់ចាប់ពីតៃវ៉ាន់ រហូតដល់កិច្ចសន្ទនាយោធាទ្វេភាគី និងវិបត្តិថ្នាំញៀន fentanyl នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំង ការគាំទ្ររបស់ចិនដល់ឧស្សាហកម្មយោធារបស់រុស្ស៉ី ក៏ដូចជាភាពតានតឹងនៅសមុទ្រចិនខាងត្បូង កូរ៉េខាងជើង មជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ា។
ការប្រកាសពីគម្រោងនៃដំណើរទស្សនកិច្ចរបស់លោក Sullivan ទៅកាន់ប្រទេសចិន កើតមានឡើង ខណៈសហរដ្ឋអាមេរិកកំពុងត្រៀមចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ដែលជាការប្រកួតរវាងលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលសុទ្ធតែ សម្លឹងឃើញដូចគ្នាថាការប្រកួតប្រជែងជាមួយចិន គឺជាបញ្ហាគោលនយោបាយការបរទេសមួយដ៏សំខាន់៕
រូបថត: AFP