អុីស្រាអែលប្រកាសអាសន្នទូទាំងប្រទេស ក្រោយក្រុម Hezbollah វាយប្រហារដោយមីស៊ីលរាប់រយគ្រាប់​

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា ក្រុម Hezbollah បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់រ៉ុក្កែតច្រើនជាង៣២០គ្រាប់ ទៅលើអ៉ីស្រាអែល ខណៈសកម្មភាពវាយប្រហារនេះ គឺជាការសងសឹកចំពោះការធ្វើឃាត មេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់ Hezbollah កាលពីខែកក្កដា។

ក្រុម Hezbollah បានបន្តថា ការបាញ់ស្រោចរ៉ុក្កែតរាប់រយគ្រាប់ខាងលើ គឺជាការវាយប្រហារដំណាក់កាលដំបូង ដើម្បីបើកផ្លូវសម្រាប់ការវាយប្រហារបន្តបន្ទាប់ទៀត ដែលនឹងសំដៅចូលកាន់តែជ្រៅ ក្នុងទឹកដីអ៉ីស្រាអែល។ មូលដ្ឋានយោធា ១១កន្លែងរបស់អ៉ីស្រាអែល ត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហាររបស់ Hezbollah។
យ៉ាងណាមិញ វាមិនទាន់ច្បាស់ថា មានការបំផ្លិចបំផ្លាញខូចខាតកម្រិតណា ពីការបាញ់ផ្លោងរ៉ុក្កែតនេះនៅឡើយទេ ខណៈស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅភាគខាងជើងអ៉ីស្រាអែល ហើយមានសំឡេងផ្ទុះ ស្របពេលប្រព័ន្ធការពារដែនអាកាសអ៉ីស្រាអែល Iron Dome បាញ់ស្កាត់គ្រាប់រ៉ុក្កែតទាំងនោះ។
មុនការបាញ់រ៉ុក្កែតខាងលើ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ជូនកងយន្តហោះចម្បាំង មកវាយប្រហារនៅប្រទេសលីបង់ ក្រោយមើលឃើញសញ្ញាបង្ហាញថា ក្រុម Hezbollah កំពុងត្រៀមរៀបចំបើកការវាយប្រហារ ដោយរ៉ុក្កែតនិងមីស៉ីល ក្នុងទ្រង់ទ្រាយធំ លើអ៉ីស្រាអែល។ ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant ក៏បានប្រកាស ដាក់ប្រទេសទាំងមូល ទៅក្នុងភាពអាសន្ន សម្រាប់រយៈពេល៤៨ម៉ោង ផងដែរ។
ភាពតានតឹងបានកើនឡើងខ្លាំងជាពិសេស រវាងអ៉ីស្រាអែលនិង Hezbollah ចាប់តាំងពីការវាយប្រហារមីស៉ីល នៅតំបន់ Golan Heights របស់អ៉ីស្រាអែល កាលពីខែកក្កដា បានផ្តាច់ជីវិតក្មេងៗចំនួន១២នាក់ ហើយយោធាអ៉ីស្រាអែល បានធ្វើឃាតមេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់ក្រុម Hezbollah នៅទីក្រុង Beirut ដើម្បីជាការសងសឹកវិញ។ ភាគីទាំងពីរ បានធ្វើសកម្មភាពវាយប្រហារដាក់គ្នា ទៅវិញទៅមកជាប់ជាប្រចាំ ចាប់តាំងពីសង្រ្គាមនៅដែនដីប៉ាឡេស្ទីន Gaza បានផ្ទុះឡើង កាលពីខែតុលា ឆ្នាំ២០២៣ ប៉ុន្តែក៏បានចៀសវាង បង្កើនភាពតានតឹងធំខ្លាំងផងដែរ ដើម្បីកុំឱ្យសង្រ្គាម Gaza រីករាលដាលទៅជា ជម្លោះទូទាំងមជ្ឈិមបូព៌ា៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print