ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានរាយការណ៍ជាបឋម នាព្រលប់ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះថា ម្សិលមិញ សមត្ថកិច្ចសហការ បង្រ្កាបរថយន្តធុនធំ១គ្រឿង ខណៈគេអះអាង មានផ្ទុកឈើអារជិត២០ម៉ែត្រត្រីគុណ ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីសមត្ថកិច្ចសហការបង្រ្កាបរថយន្តធុនធំមានផ្ទុកឈើអារខាងលើ ធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង
ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា រថយន្ត១គ្រឿងមានផ្ទុកឈើអារត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម 3A 3131 ។ ក្នុងនោះត្រូវបានគេអះអាងមានឈើ ប្រភេទឈើអារ(ចម្រុះ)មិនក្រោម១៩ម៉ែត្រត្រីគុណនោះទេ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីសមត្ថកិច្ចសហការបង្រ្កាបរថយន្តធុនធំមានផ្ទុកឈើអារជិត២០ម៉ែត្រត្រីគុណនេះ គេឃើញមានវត្តមានលោក ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់(ស្ដីទី)បច្ចុប្បន្ន វត្ថុតាង រថយន្តមានផ្ទុកឈើ រក្សាទុកបណ្ដោះអាសន្ន នៅទីស្នាក់ការ(ស៊ីអាយ)ភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីចាត់ចែងនីតិវិធី ៕ ដោយៈ ប៉ឹម ពិន