ភ្នំពេញ ៖ ក្រោយពីខុទ្ទរកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការសម្តេចថា ៖ សេចក្តីជូនដំណឹង ស្តីពី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ខ្ញុំជឿទុកចិត្តនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា
រួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនរបស់យើង! ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមជាមួយរាជរដ្ឋាភិបាលហើយចូលរួមបរិច្ចាគថវិកា ចំនួន ១លានរៀលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ នេះដើម្បីរួមគ្នាពង្រឹងនិងអភិវឌ្ឍតំបន់ព្រំដែនរបស់យើងក្នុងស្មារតីជាតិខ្មែរតែមួយ និងជ្រោងទង់សាមគ្គីភាពជាតិ! ចុះបងប្អូនវិញ? ចាំអីទៀត, QR Code នៅខាងក្រោយ, សូមអញ្ជើញចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត! ៕