សារព័ត៌មាន Reuters បានផ្សាយថា យោធាចិន នៅថ្ងៃចន្ទ ទី២៦ ខែសីហានេះបាននិយាយថាខ្លួនបានដឹកនាំប្រតិបត្តិការល្បាតរួមគ្នារវាងកងទ័ព និងប៉ូលិសទាំងតាមជើងគោក និងអាកាស នៅក្បែរព្រំដែនមីយ៉ាន់ម៉ា ដើម្បីថែរក្សាការពារសន្តិសុខ ក៏ដូចជាស្ថិរភាព ខណៈការវាយប្រយុទ្ធគ្នារវាងកងទ័ពនៃរបបសឹកមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម កាន់តែពុះកញ្រ្ជោល។
យោធាចិន បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាប្រតិបត្តិការល្បាត នឹងផ្ដោតសំខាន់លើតំបន់ Ruili និងតំបន់ Zhenkang ព្រមទាំងតំបន់មួយចំនួនទៀតរបស់ចិន ដែលសិ្ថតនៅជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ផងដែរថានៅក្នុងប្រតិបត្តិការល្បាតនេះ កងទ័ព និងប៉ូលិសចិននឹងហាត់សមរួមគ្នា ពីរបៀបធ្វើការឆ្លើយតបឱ្យបានលឿនរហ័ស ការបិទខ្ទប់ ការគ្រប់គ្រង ការវាយប្រហាររួមគ្នា និងការថែរក្សាការពារសន្តិសុខ និងស្ថិរភាពនៅតាមបណ្ដោយតំបន់ ព្រំដែនចិន។
ចិនធ្លាប់បាននិយាយថាខ្លួននឹងបង្កើនការធ្វើសមយុទ្ធយោធាបន្ថែមនៅក្បែរព្រំដែនមីយ៉ាន់ម៉ា ខណៈការវាយប្រយុទ្ធគ្នារវាងកងទ័ពនៃរបបសឹក និងក្រុមឧទ្ទាមដោយ ការប្រើប្រាស់កាំភ្លើងធំបានបណ្ដាលឱ្យមានមនុស្សរងរបួស និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកដីចិន។ សម្រាប់ចិន សង្គ្រាមនៅមីយ៉ាន់ម៉ាបានបង្ក ផលប៉ះពាល់អវិជ្ជមានដល់ស្ថិរភាព ព្រមទាំងសណ្ដាប់ធ្នាប់សង្គមនៅតាមបណ្ដោយព្រំដែនចិន និងមីយ៉ាន់ម៉ា។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានលើកឡើងដែរថាចិននឹងបន្តរក្សាការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីជួយស្ដារសន្តិភាព និងស្ថិរភាព ក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ៕
រូបថត: global Times