ភ្នំពេញ៖ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឈ្នះមេដាយមាសអាស៊ីឆ្នាំ២០១៤ ត្រូវជួបប្រកួតបើកឆាកជាមួយកីឡាការិនីសញ្ជាតិហុល្លង់ឈ្មោះ Reshimie Oogink ម្ចាស់មេដាយមាសអឺរ៉ុបឆ្នាំ២០០៥ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅប្រទេសប្រេស៊ីល ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
កីឡាការិនី ស៊ន សៀវម៉ី ដែលជាក្តីរំពឹងរបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការដណ្តើមមេដាយមកជូនជាតិ ដោយត្រូវប្រកួតប្រជែងជាមួយកីឡាការិនីពីបណ្តាប្រទេស១៥ផ្សេងទៀតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុង Rio ប្រេសប្រេស៊ីល ។ កីឡាការិនី ស៊ន សៀវម៉ី នឹងប្រកួតលើវិញ្ញាសាតេក្វាន់ដូក្នុងប្រភេទទម្ងន់៧៣គីឡូក្រាមជាមួយកីឡាការិនី សញ្ជាតិហុល្លង់ Reshimie Oogink នៅថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
ការប្រកួតប្រជែងរបស់កីឡាការិនីឆ្នើម ស៊ន សៀវម៉ី ជាមួយកីឡាការិនីបណ្តា ប្រទេសទាំង១៥នោះរួមមាន អាមេរិក, ចិន, ហុល្លង់, ស៊ែប៊ី, អង់គ្លេស, បារាំង, ម៉ិចស៊ិក, ន័រវេស, ម៉ារ៉ុក, ប៉ាពូអាស៊ីនូវែលហ្គីណេ, សាធារណដ្ឋដូមីនីក, ព័រតូរីកូ, ហ្វីលីពីន, នេប៉ាល់ និងកូដឌីវ័រ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ (Olympic Games 2016) ដែលប្រារព្ធធ្វើនៅទីក្រុង RIO ប្រទេសប្រេស៊ីលមានប្រទេសចូលរួមចំនួន២០០ប្រទេសមកពីជុំវិញពិភពលោកលើវិញ្ញាសា ជាច្រើននិងមានអត្តពលិកសរុបជាង១ម៉ឺននាក់ ដោយចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ៕
ដោយ៖ សារីម