ភ្នំពេញ៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស តាមសង្កាត់ទាំង ១០៥ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានឈានដល់ការបិទបញ្ចប់ហើយ នាយប់ថ្ងៃទី២៥ ខែសីហានេះ។
លោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃ២៦សីហា២០២៤នេះថា៖ យុទ្ធនាការបាញ់សម្លាប់មូសដែលរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច ង៧០ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៌ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ទី១៧ ខែសីហា បានបញ្ចប់រួចរាល់ទាំងស្រុងហើយត្រឹម យប់ថ្ងៃទី២៥ ខែសីហា២០២៤នេះ។
លោកប្រធានមន្ទីរបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ និងដោយមានការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) ចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ក្នុងខណ្ឌទាំង១៤និងតាមសហគមន៌នានា ហើយដោយមានការចូលរួមបង្ករលក្ខណៈងាយស្រួលពីអាជ្ញាធរខណ្ឌនិងសង្កាត់ទាំងអស់ធ្វើឱ្យដំណើរបាញ់ថ្នាំសម្លាប់មូសទទួលបានលទ្ធផលល្អរួចមុនផែនការ។
គួរបញ្ជាក់ថា នាថ្ងៃបើកយុទ្ធការបាញ់ថ្នាំសម្លាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញកាលពីថ្ងៃទី១៧សីហាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចាត់ចែងឲ្យមន្ទីរសុខាភិបាល រាជធានីនិងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយកងទ័ពអង្គភាព ង៧០ និងរដ្ឋបាលខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋ។
កាលពីល្ងាចថ្ងៃ២៣សីហាលោកឃួង ស្រេង បានណែនាំបន្ថែមឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រើប្រាស់រថយន្តដឹកម៉ាស៉ីន បាញ់ថ្នាំសម្លាប់មូសខ្នាតធំ ឱ្យក្រុមការងារ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើនកន្លែងបន្ថែមទៀត ពិសេសនៅភាគខាងជើង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់អគ្គីសនីកម្ពុជាបឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូវែង ប្រឡាយ១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៉ីលីដា តំបន់ឡានទឹកនៃស្នងការនគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និង ប្រឡាយអូអាកុជនៅខណ្ឌសែនសុខជាដើម។
សូមបញ្ជាក់ថា តាមរយៈយុទ្ធនាការ បាញ់ថ្នាំមូសសម្លាប់មូសខ្លានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេលប៉ុន្មានថ្ងៃមកនេះ ទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងនពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះពិតជាបានបង្ហាញអោយឃើញពីការគិតគូរពីសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញក្នុងការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម៕