ខេត្តពោធិ៍សាត់+បាត់ដំបង ៖ នៅថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាលោកអនុប្រធាននាយកដា្ននធារាសាស្ត្រកសិកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ក្នុងខេត្តពោធិ៍សាត់ និងប្រព័ន្ធធារាសាស្រ្តកង្ហត ក្នុងខេត្តបាត់ដំបង។
សូមជម្រាបថា ការងារសំខាន់ៗ នៃគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រចំនួន២ កន្លែងនេះរួមមាន៖
ទី១)ប្រព័ន្ធធារាសាស្រ្តដំណាក់អំពិលមានការងារថែទាំប្រឡាយមេបេតុងចំនួន ១ខ្សែសរុបប្រវែង ២០៧២៦ម៉ែត្រ ប្រឡាយរងចំនួន ៨ខ្សែសរុបប្រវែង ៤៧៧៧៤ម៉ែត្រ និងថែទាំសំណង់សិល្បការ្យចំនួន ១៩៥កន្លែង ។
និងទី២)ប្រព័ន្ធធារាសាស្រ្តកង្ហតមានការងារថែទាំប្រឡាយមេធំចំនួន៣ខ្សែសរុបប្រវែង ៤៦៣០០ម៉ែត្រ ប្រឡាយមេដីចំនួន ៦ខ្សែសរុបប្រវែង ៨៤៧៣៥ម៉ែត្រ និងថែទាំសំណង់សិល្បការ្យសរុបចំនួន ៩៥កន្លែង។
ឆ្លៀតក្នុងឱកាសចុះពិនិត្យការងារ លោករដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាពការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ព្រមទាំងជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រឡាយមេនេះឱ្យមាននិរន្តរភាពសម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។
សូមបញ្ជាក់ថា ៖ ប្រព័ន្ធធារាសាស្រ្តដំណាក់អំពិលមានទីតាំងក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវ៉ាញបានទទួលប្រភពទឹកពីស្ទឹងពោធិ៍សាត់ និងពីផ្ទៃរងទឹកភ្លៀងក្នុងទំនប់ មានសក្តានុពលសម្រាប់ស្រោចស្រព ផ្ទៃដីស្រូវវស្សាចំនួន ២៣ ៧០០ហិកតា ស្រូវប្រាំងចំនួន ៦៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន ១៣ ៥៦៣គ្រួសារ របស់ឃុំចំនួន១៨ នៃស្រុកភ្នំក្រវ៉ាញ ស្រុកបាកាន ស្រុកតាលោ សែនជ័យ និងក្រុងពោធិ៍សាត់។ ដោយឡែកប្រព័ន្ធធារាសាស្រ្តកង្ហតមានទីតាំងស្ថិតក្នុងស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកកោះក្រឡ និងស្រុកសង្កែ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៦៧០០០ហិតា ស្រូវប្រាំងទី១ចំនួន ១៥០០០ហិកតា ស្រូវប្រាំងទី២ចំនួន ១៥០០០ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន១៨ឃុំ នៃស្រុកចំនួន៤ របស់ខេត្តបាត់ដំបង៕
ដោយ ៖ សិលា