ភ្នំពេញ៖ ដើម្បីជំរុញឱ្យផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅក្នុងវិស័យអាកាសចរណ៍ លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្មីៗនេះបានជួបប្រជុំពិភាក្សាគ្នាស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល”។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជំនាញនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ (Cambodia Air Catering Service) និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ បានបង្ហាញពីការគាំទ្រនិងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងលើយន្តការនេះក៏ដូចជាជួយជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី។
នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖«ការដាក់លក់គ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប ម៉ាត អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល គឺដើម្បីជួយលើកស្ទួយផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានទីផ្សារកាន់តែធំ ក៏ដូចជាជំរុញការគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ»។
សូមជម្រាបថា នាពេលកន្លងមក ក្រសួងជំនាញ សហគ្រាស និងក្រុមហ៊ុន បានពិភាក្សា និងចរចាគ្នា ក្នុងការដាក់លក់ស្វាយចន្ទីកែច្នៃរួចទៅក្នុងទីផ្សារទំនើប និងម៉ាតនានានៅក្នុងប្រទេសកម្ពុជាដូចជា៖ អ៊ីអន, ម៉ាក្រូ, ឡាក់គី, ជីបម៉ុង, ថៃហួត, បាយ័ន, ប៊ីកស៊ី, តេលា , 7-Eleven និង Cambodian Superstore ជាដើម។
គួរបញ្ជាក់ថា កម្ពុជា ក្នុងរយៈពេល ៧ខែឆ្នាំនេះផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៨៣ម៉ឺនតោន និងនាំចេញទៅវៀតណាមចំនួន ៧៨ម៉ឺនតោន គិតជាទឹកប្រាក់ ១.០៩២លានដុល្លារអាមេរិគឺកើនឡើង ៣៦,៧ភាគរយ ស្របពេលកម្ពុជាបានឈរលំដាប់លេខ២ ជាបណ្តោះអាសន្ន ក្នុងនាមជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំបំផុតលើពិភពលោក៕ដោយ៖តារា