ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងឱ្យដឹងកាលពីពេលថ្មីៗនេះថា៖ កាលពីមួយឆ្នាំមុនពោលគឺនៅចុងខែសីហា ២០២៣ ខ្ញុំបានសរសេរអត្ថបទដូចខាងក្រោមនេះ នៅពេលលោកAndo Tsusho ប្រធានក្រុមហ៊ុន Ando Tsusho មានឯកទេសផលិតជីធម្មជាតិបានចុះសិក្សាស្វែងយល់ពីដំណាំsorghum នៅកម្ពុជា លោកAndo មានអាយុ៨៤ឆ្នាំហេីយ! ក្នុងរយៈពេលមួយឆ្នាំពេញដែលយេីងខិតខំសម្របសម្រួលគ្នា ហេីយក្រុមការងាររបស់យេីងក៏បានចុះហត្ថលេខាលេីកិច្ចសហការជាមួយលោកAndo នៅឯរោងចក្ររបស់គាត់នៅប្រទេសជប៉ុនតែម្តងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ!! ។
លោកអគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា “ពេលឃេីញខ្ញុំហូបដេីមស្មៅsorghum ជប៉ុនគាត់ឆ្ងល់និងហូបសាកមេីលជាមួយដែរ! មានរសជាតិផ្អែមដែលមានជាតិស្កប្រមាណ១៤-១៦%ដែរ។ និយាយពីការហូបដេីមស្មៅsorghumនេះ ក៏នឹកឃេីញកាលពីខ្ញុំហូបដេីមពោតនៅសម័យប៉ុល ពត! កម្ពុជាប្រជាធិបតេយ្យមហាលោតផ្លោះមហាអស្ចារ្យ ជាជំនាន់មួយដែលស្រុកខែ្មរជាទឹកដីសុវណ្ណភូមិក៏ពិតមែន តែប្រជាជនអត់ឃ្លានស្លាប់រាប់លាននាក់! មានពេលមួយនោះ ចម្ការពោតដែលគេបានកាច់យកផ្លែពោតអស់ហេីយ សល់តែដេីមពោតចាស់ៗ ខ្ញុំក៏ដូចជាក្មេងៗអ្នកដទៃទៀតដែរ នាំគ្នាកាច់ដេីមពោតដេីម្បីជញ្ជក់យកជាតិទឹកសេីមតិចៗដែលមានរសជាតិផ្អែមឡែមៗនៅជាប់សំបកដេីមពោតនោះគ្រាន់បំពេញដង្ហេីមជីវិតស្រេកឃ្លានដ៍វេទនាបំផុតនោះ។
ក្រឡេកមេីលក្រោយបន្តិចនៃការខិតខំរបស់មេដឹកនាំរបស់យេីង ក្នុងការដឹកនាំប្រជាជននិងប្រទេសជាតិ ឆ្លងផុតភាពអត់ឃ្លាន សេដ្ឋកិច្ចក្រោមសូន្យ ស្គាល់តែសង្គមជាតិមួយមេីលគ្នាជាខ្មាំងសត្រូវនិងកាប់សម្លាប់គ្នាគ្មានមេត្តា សមរភូមិសង្គ្រាម ទាហ៊ានជាមុខរបរយ៉ាងសំខាន់សំរាប់យុវជន ទឹកដីសំបូរដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម! សមិទ្ធិផលធំធេងណាស់ បានប្រែក្លាយទឹកដីជោកជាំដោយសង្គ្រាមហឹង្សាប្រដាប់អាវុធ មកជាទឹកដីសន្តិភាព ជាទឹកដីសំបូរដោយស្រូវអង្ករនិងផលិតផលកសិកម្មនាំចេញទៅលក់ប្រកួតប្រជែងក្នុងពិភពលោក ខ្មែរចាប់ផ្តេីមសាងកេរ្តិ៍ឈ្មោះឡេីងវិញ!! បញ្ហាកង្វល់ធំបំផុតនៃវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ គឺទីផ្សារ! ទីផ្សារ! និងទីផ្សារ! ។
ឥឡូវនេះ សង្គមកម្ពុជានាំគ្នាសំឡឹងមេីលទៅមុខវែងឆ្ងាយជាមួយក្តីសង្ឃឹម ប្រឹងប្រែងគិតគូរ ធ្វេីអ្វីៗគ្រប់យ៉ាងឱ្យជីវភាពសេដ្ឋកិច្ចសង្គមគ្រួសារនិងជាតិមានបាន ធូរធារ មានកិត្តិយស មានសេចក្តីថ្លៃថ្នូរ និងមានភាពរុងរឿង សំបូរសប្បាយ សុខដុមរម្យនីកម្ម!! ។ ជាការពិតណាស់ អ្វីៗវានឹងមិនកេីតឡេីងដោយគ្មានការដឹកនាំល្អ មានទេពកោសល្យបុិនប្រសព្វ និងការពុះពារឆ្លងកាត់ការលំបាកដែលហ៊ុំពន្ធ័ដោយឧបសគ្គនានាឡេីយ ដែលនេះជាតថភាពពិតនៃសង្គមមនុស្សលេីលោកនេះ!!
លោក Ando ប្រធានក្រុមហ៊ុន Ando Tsusho ដែលលោកជាអ្នកជំនាញផលិតជីសរីរាង្គកសិកម្ម ដោយបានពិនិត្យដំណាំស្មៅ Sorghum ដែលកំពុងបានដាំដុះ ហេីយដែលដំណាំស្មៅ sorghumនេះអាចផលិតចំណីអប់សត្វពាហនៈនិងសត្វស្លាប ឬផលិតជីសរីរាង្គ ឬផលិតជាធ្យូងអគ្គិសនី ដែលខាងក្រុមហ៊ុនជប៉ុនមានការចាប់អារម្មណ៍ខ្លាំងក្នុងការសហការផលិតនិងនាំចេញ!! ។ ពួកលោកកាន់តែមានសេចក្តីរីករាយក្នុងការិនិយោគលេីវិស័យកសិកម្មនៅកម្ពុជា ដោយមេីលឃេីញគោលនយោបាយនៃរាជរដ្ឋាភិបាលថ្មី កាន់តែលេីកកម្ពស់លេីវិស័យកសិកម្មសំដៅលេីកផ្ទួយជីវភាពប្រជាពលរដ្ឋនិងបង្កេីនសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងនៅទីផ្សារអន្តជាតិ៕ដោយ៖តារា