ភ្នំពេញ៖ នៅឯទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ បានទទួលជួប ពិភាក្សាការងារ ជាមួយលោក Mr.Nagase Kensuke អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា (Minister/Deputy Chief of Mission,EOJ) ដោយមានការចូលរួមផងដែរពីឯកឧត្តម ជាថ្នាក់ដឹកនាំ លោក-លោកស្រីតំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងជំនួយបច្ចេកទេស និងគម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ភស្តុភារកម្មកម្ពុជា ការងារដែលកំពុងអនុវត្តពាក់ព័ន្ធលើការដឹកជញ្ជូនផ្លូវដែក កំពង់ផែ គម្រោងពង្រីក និងកែលម្អកំណាត់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា ការប្រមូលធាតុចូល និងការគាំទ្រផងដែរ។
ជាមួយគ្នានេះ ភាគីជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសារៈសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការងារវិស័យដឹកជញ្ជូនផ្លូវដែក ភស្តុភារកម្មកម្ពុជា ក៏ដូចជាគម្រោងនានាផងដែរ ។
លោកស្រីរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន និងបានស្នើទៅកាន់ភាគីជប៉ុនឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការងារដឹកជញ្ជូនលើផ្លូវដែក ភស្តុភារកម្មកម្ពុជា និងដែលបានកំណត់ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕ដោយ៖តារា