ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបេតុងក្នុងសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ប្រមាណ២០នាក់តំណាងឱ្យប្រជាពលរដ្ឋជាច្រេីនគ្រួសារ បានផ្តិតមេដៃសំណេីរសុំកិច្ចអន្តរាគមន៍ពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលដោយបានបន្តប្តឹងចោទ លោក ញ៉ែម សារ៉ាឌី មានតួនាទីជាអនុប្រធាន ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌសែនសុខ ជាមន្ត្រីជំនាញសុរិយោដីដែលដឹងច្បាប់ហើយបែជារំលោភអំណាច និងម្នាក់ទៀត ឈ្មោះ អ៊ុក ចាន់ណាត ធ្វើរបងរំលោភយកដីចំណីផ្លូវសាធារណះរបស់រដ្ឋស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងនេះធ្វើឡើងជាលើកទី២ក្រោយពីពួកគាត់បានដាក់ពាក្យបណ្តឹងចូល រដ្ឋបាលខេត្តកណ្តាលអូសបន្លាយជិត២ឆ្នាំមិនមានចំណាត់ការបានត្រឹមតែចេញសជណ លេខ៣៧២ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។
លោកកែវ មាលា បានអោយដឹងថា ៖ រូបលោកនិងប្រជាពលរដ្ឋជាច្រេីនគ្រួសារដែលរស់នៅអមសងខាងផ្លូវបេតុងនោះបានព្រមព្រៀងផ្តិតមេដៃសំណេីរសុំកិច្ចអន្តរាគមន៍ពី លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាជួយអន្តរាគន៍បើកផ្លូវបេតុងដែលស្ថិតនៅក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។
ផ្លូវបេតុងខាងលើនេះមន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកណ្តាល កំណត់ទុកផ្លូវ(6ម៉ែត្រ)តែបច្ចុប្បន្នផ្លូវនេះនៅសល់តែ 2ម៉ែត្រ1តិក តែប៉ុណ្ណោះជាហេតុធ្វេីអោយប្រជាពលរដ្ឋពិបាកធ្វេីដំណេីរចេញ ចូល ឬអាចប្រឈមនិងហានិភ័យនូវពេលដែលមានអគ្គីភ័យកេីតឡេីង មិនអាចឡានទឹកបេីកចូលដេីម្បីជួយពន្លត់បានឡេីយ។ លោកកែវ មាលា បានបន្តថា ៖ ក្រោយពីពួកគាត់បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២៣ រួចមករូបបានសង្កេតឃើញមន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកណ្តាល បានចុះវាស់វែងបានបញ្ជាក់យ៉ាងច្បាស់ថា លោស្រី អ៊ុក ចាន់ណាត ធ្វើរបងរំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៦៣ម)។ ចំណែកម្ខាងទៀតអាងខ្លួនជាមន្ត្រីជំនាញសុរិយោដីឈ្មោះញ៉ែម សារ៉ាឌី រំលោភយកដីចំណីផ្លូវជិត២ម៉ែត្រ(១,៩៥ម)ដែរ។ ការចុះវាស់វែងនិងបាញ់គំនូសក្រហមបញ្ជាក់ថាបុក្គល២នាក់ខាងលើរំលោភដីចំណីផ្លូវសាធារណះរបស់រដ្ឋបណ្តឹងហើយក៏នៅតែគ្មានចំណាត់ការពី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តចាស់គឺបានត្រឹមតែចេញ ស ជ ណ តែប៉ុណ្ណោះ។ពលរដ្ឋសង្ឃឹមថា ៖ អភិបាលខេត្តថ្មីគឺ លោក គួច ចំរើន និងជួយផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ។
លោកកែវ មាលា បានបញ្ជាក់ថា ៖ ក្រោយពីពួកគាត់ដាក់ពាក្យបណ្តឹងថ្មីចូលរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ភ្លាមនាយករដ្ឋបាលបានចេញ ស ជ ណ ថ្មី១ទៀតកាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដោយប្រគល់ភារកិច្ចជូនលោកអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅពិនិត្យនិងដោះស្រាយ ហើយរាយការណ៍ពីលទ្ធផលជូន លោកអភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ប្រជាពលរដ្ឋមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំទៅលើការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ លោកអភិបាលខេត្តកណ្តាលនិងសូមសំណូមពរយ៉ាងទទួចដល់ លោក គួច ចំរើន មេត្តាជួយបើកផ្លូងខាងលើអោយបានធំទូលាយផង៕
ដោយ ៖ ស្អាងជ័យ