ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ឃាតករលាក់មុខបន្តសម្លាប់មនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ៣២នាក់តាមដងផ្លូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ និងបានកើតឡើងចំនួន ១១លើក។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! សូមបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក!
ប្រភពដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ១១លើកនេះមានដូចជា៖ (យប់ ៦លើក) បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ (ស្រី ៤នាក់), រងរបួសសរុប ៣២នាក់ (ស្រី ១៥នាក់), រងរបួសធ្ងន់ ១០នាក់ (ស្រី ៤នាក់) រងរបួសស្រាល ២២នាក់ (ស្រី ១១នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៨នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ៣នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ១នាក់), មិនប្រកាន់ស្តាំ ៤លើក (ស្លាប់ ៤នាក់, ធ្ងន់ ៤នាក់, ស្រាល ០នាក់), ប្រជែង ២លើក (ស្លាប់ ២នាក់, ធ្ងន់ ៦នាក់, ស្រាល ១៨នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕ដោយ៖តារា