ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា (Business Environment and Investment Opportunities in Cambodia)” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែសីហាថ្មីៗនេះនៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្រោមអធិបតីភាព លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា, លោក IWATA Kazuchika អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន, លោក Yukihiro Ikawa ប្រធានសមាគម Tokyo New Business Conference (NBC) និងជាប្រធានក្រុមហ៊ុន Creek and River Co., Ltd. ព្រមទាំងប្រធានក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ដែលជាសមាជិកសមាគម NBC និងសមាជិកនៃសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន មានសរុបប្រមាណ ៥០នាក់។
សិក្ខាសាលានេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពបើកចំហ និងមានតម្លាភាព ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។
ជាលទ្ធផល សិក្ខាសាលាបានបញ្ចប់ដោយផ្លែផ្កា និងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីវិនិយោគិនជប៉ុន ជាពិសេសបានបញ្ជាក់ពីការអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងផ្ទាល់នៅកម្ពុជា ក្នុងទិសដៅពិនិត្យលទ្ធភាពក្នុងការវិនិយោគ នាពេលខាងមុខ៕ដោយ៖តារា