ភ្នំពេញ ៖ ទឹកចិត្តឪពុកម្តាយ ! បើកូនឈឺ ម្តាយឪពុកសឹងតែចង់ ឈឺជំនួស ។ ស្រមោចវារលើកូន ម្តាយចាប់ ចេញឬ ញេចស្រមោចឲ្យងាប់ ។ កូនឃ្លាន ម្តាយឬ ឪពុកសុខចិត្ត មិនហូបខ្លួនឯង ។ ល ។ កូនវិញក៏ស្រឡាញ់ឪពុកម្តាយដែរ គ្រាន់តែ ថាទំហំនៃការស្រឡាញ់របស់ឪពុកម្តាយ ចំពោះកូន ធំជាងកូនស្រឡាញ់ឪពុកម្តាយ។
មើលចុះ ! សម្តេចតេជោ នឹងសម្តេចកិត្តិបណ្ឌិត ជាបិតាមាតា ដែលមានព្រហ្មវិហារធម៌ គុណធម៌ ផ្តល់ឱ្យបុត្រធីតា មានពុទ្ធិប្រកបដោយឧត្តមបុរស ចេះដឹងខ្ពង់ខ្ពស់ មានឈ្មោះកិត្តិយសល្អ ពោរពេញដោយឆន្ទះមនសិការជាតិ ។ ដូច្នេះហើយទើបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហោះលើផេកផ្លូវការ ដោយសម្តេចតេជោ លើកឡើងថា ៖
«គ្រាប់ពេជ្រ៥គ្រាប់ដែលពុកម៉ែកែឆ្នៃ
ដោយផ្ទាល់ដៃ» ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ ដុំថ្មនឹងមានតម្លៃបន្ថែមប្រសិនយើងចេះកែឆ្នៃវានិងប្រើប្រាស់វាឲ្យមានប្រយោជន៍។
សម្តេចបន្តថា ៖ មាសឬពេជ្រនឹងគ្មានតម្លៃឬតម្លៃតិចប្រសិនយើងមិនចេះកែឆ្នៃឬយកវាទៅទុកចោល។
ទោះមានឬក្រត្រូវខិតខំឲ្យកូនចៅរៀនសូត្រមានចំណេះដឹងមានសីលធម៍ គុណធម៍ សុភាពរាបសារ ចេះជួយអ្នកក្រីក្រ អ្នកទន់ខ្សោយពោលគឺឲ្យពួកគេកសាងអំពើល្អជាប់ជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ៖ បទពិសោធន៍ត្រូវយកចិត្តទុកដាក់បំផុតគឺកូនអ្នកមានអំណាច អ្នកមានទ្រព្យសម្បត្តិដែលអាងលើអំណាចឪពុកម្តាយឬប្រាក់កាសឪពុកម្តាយធ្វើអំពើមិនគប្បីក្នុងសង្គម៕