គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងធម្មការនិងសាសនា បានចុះសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្តស្វាយរៀង ក្នុងវត្តជម្ពូព្រឹក្សា(វត្តថ្មី)

ចែករំលែក៖

ខេត្តស្វាយរៀង: លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញ ចូលរួមក្នុងពិធីសំណេះសំណាលរបស់គណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះមេគណ ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងព្រះគ្រូចៅអធិការវត្ត ក្នុងខេត្តស្វាយរៀងក្រោមអធិបតីលោក ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាង លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា យាងនិមន្តជាព្រះអធិបតី មានសម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដួង ផង់ ព្រះអនុប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនា តំណាងសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។

សរុបនិមន្ត និងអ្នកចូលរួមសរុប ៤៥០អង្គ/នាក់។

ព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត បាននិមន្តរាយការណ៍អំពីស្ថានភាពព្រះពុទ្ធសាសនា និងការងារពុទ្ធិកសិក្សាក្នុងខេត្ត ដោយមានកិច្ចសហការល្អរវាងសាលាគណខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត បានធ្វើឲ្យវិស័យទាំងពីរមានការរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់។ ព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងខេត្ត បានគាំទ្រ និងអបអរសាទរយ៉ាងពេញទំហេឹងក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការណ៍តំបន់អភិវឌ្ឍត្រីកោណ (CLV-DTA) និងចូលរួមយ៉ាងផុលផុសក្នុងការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសថ្មីៗនេះព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការវត្តទាំង២៤៦វត្ត បាននិមន្តចូលរួមកម្មវិធីស្វែងយល់ការពិត ចំនួនពីរកម្មវិធីដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន និងដោយមានការគាំទ្រពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។ កម្មវិធីទាំងពីររួមមាន:

១-កម្មវិធីស្វែងយល់ការពិត ក្រោមប្រធានបទអត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោ

២. កម្មវិធីស្វែងយលើការពិតក្រោមប្រធានបទ យើងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចឧត្តមបញ្ញា បានក្រើនរំលឹកដល់ព្រះសង្ឃគ្រប់អង្គ ជាពិសេសព្រះមន្រ្តីសង្ឃដែលជាថ្នាក់ដឹកនាំវត្តទាំងអស់ ឱ្យយកព្រះទ័យទុកដាក់ចំពោះ ៖ 

១.ត្រូវពង្រឹងពុទ្ធិកសិក្សាឱ្យបានល្អ ពីព្រោះវាជាថ្នាលបណ្ដុះបណ្ដាលព្រះសង្ឃគ្រប់អង្គនៅក្នុងខេត្តទាំងមូល ។ ហើយមិនត្រូវទុកភិក្ខុឬសាមណេរអង្គណាមួយចោល ដោយមិនបានទទួលបាននូវការអប់រំឡើយ។ 

២.ព្រះសង្ឃគ្រប់ព្រះអង្គត្រូវប្រឹងឱ្យអស់លទ្ធភាព ដើម្បីធ្វើកិច្ចការមនុស្សធម៌ ចេះជួយព្រះសង្ឃផងគ្នា ឬពុទ្ធបរិស័ទដែលជាចំណុះជើងវត្ត ដែលជួបគ្រោះធម្មជាតិ ឬវិបត្តិណាមួយដែលបានកើតឡើង ជាយថាហេតុ។ ចំពោះព្រះសង្ឃណាដែលបានធ្វើកិច្ចការនេះមកហើយ សូមព្រះអង្គបន្តធ្វើកិច្ចការនេះបន្ថែមទៀត ដោយសហការជាមួយកាកបាទក្រហមឬអាជ្ញាធរតាមមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ ។ 

មុននឹងបញ្ចប់សម្ដេចព្រះឧត្តមបញ្ញា មានថេរដីកាប្រគេន និងអំពាវនាវ ដល់ព្រះ

មន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃ និងពុទ្ធបរិស័ទ ឱ្យចូលរួមនូវវិភាគទានស្ម័គ្រចិត្ត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ជាមួយរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយឈរលើបុព្វហេតុរួម នៃការកសាង និងការពារជាតិ មាតុភូមិកម្ពុជា ដើម្បីបញ្ជាក់អំពីសាមគ្គី និងស្មារតីជាតិខ្មែរតែមួយ និងដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ ប្រកបដោយចីរភាព។ ព្រះករុណាគ្រប់អង្គត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដោយកុំងាករេ នឹងចូរកុំធ្វើសកម្មភាពណាមួយនាំឱ្យមានការលំបាកដល់រាជរដ្ឋាភិបាលកម្ពុជាឡើយ។

លោក ហង្ស ចាន់ព្រីដា បាននាំនូវការផ្តាំផ្ញើនិងសួរសុខទុក្ខថ្វាយបង្គំប្រគេនពរពីលោក បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដល់ព្រះមន្រ្តីសង្ឃ និងព្រះគ្រូចៅអធិកាគ្រប់ព្រះអង្គ។ សូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្តឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ អាចារ្យ គណៈកម្មការ ក្មេងវត្តនីមួយៗឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងតម្លៃជាតិយើង និងសូមពង្រឹងវិស័យពុទ្ធិកសិក្សា ជម្រុញការរៀនសូត្រដល់ភិក្ខុសាមណេរ ពង្រឹងការគោរពប្រតិបត្តិធម្មវិន័យអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាសប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថលដើម្បីជាឧត្ដមប្រយោជន៍ដល់ព្រះពុទ្ធសាសនា ជៀសវាងការចែករំលែក នាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សង្គម និងព្រះពុទ្ធសាសនា។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print