លោក ស៊ុន ចាន់ថុល ដឹកនាំប្រជុំគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដោយមានការចូលរួមពីតំណាង ១៤ ក្រសួង ស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណងសំខាន់ចំនួន ៣ គឺ៖ (១) ប្រកាសសមាសភាពក្រុមការងារទាំង ៣កម្រិត សម្រាប់អនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា រួមមាន គណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការដោះស្រាយបញ្ហា និងក្រុមការងារពន្លឿនការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (២) ពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការអាទិភាព និងការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក និង (៣) ពិនិត្យសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា មុននឹងបន្តនីតិវិធីជំហានបន្ទាប់។ 

អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុស និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ព្រមទាំងបានឯកភាពជាគោលការណ៍លើសេចក្តីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ដែលគ្រោងនឹងគោរពដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងអនុម័តនាពេលឆាប់ៗខាងមុខ

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print