ក្រសួង​ធនធាន​ទឹក​ណែនាំដល់មន្ទីរធនធានទឹកខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ​ ឱ្យយកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងប្រតិបត្តិការបិទបើកទ្វារទឹក និងការផ្តល់ព័ត៌មានអំពីកម្ពស់ទឹកស្ទឹង​ ដើម្បីកាត់បន្ថយគ្រោះមហន្តរាយ

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖​ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម​ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ដប៉ៃលិនឱ្យយកចិត្ដទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងប្រតិបត្តិការបិទបើកទ្វារទឹក និងការថែទាំសំណង់ស្ទាក់ទឹកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងនិរន្ដរភាព ព្រមទាំងឱ្យ​សហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ក្នុងការផ្តល់ព័ត៌មានអំពីកម្ពស់ទឹកស្ទឹង ដើម្បីកាត់បន្ថយជាអតិបរមានៃគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។

ការណែនាំ​បែបនេះ​របស់លោក​រដ្ឋលេខាធិការប្រចាំការ ក្នុងដំណើរបេសកកម្មដឹកនាំមន្ដ្រីបច្ចេកទេស ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ បន្ដចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្ដប៉ៃលិន និងខេត្ដឧត្ដរមានជ័យ។

នាឱកាស​នោះ​ លោករដ្ឋលេខាធិការប្រចាំការមានប្រសាសន៍ថា សំណង់ស្ទាក់ទឹកក្នុងខេត្ដប៉ៃលិន បានសាងសង់ឡើងដោយនាយកដ្ឋានវិស្វកម្ម ក្នុងគោលបំណងដើម្បីស្ទាក់ទឹកទុកសម្រាប់បម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសម្រាប់ស្រោចស្រពដំណាំកសិកម្មនៅក្នុងតំបន់។ បន្ទាប់មក លោករដ្ឋលេខាធិការប្រចាំការ និងមន្ដ្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកចំនួន ២កន្លែង ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ទី១)សំណង់ស្ទាក់ទឹកស្រែអន្ទាក់ និងទី២)សំណង់ស្ទាក់ទឹកកំពង់ចម្លងក្រោម។

ដោយឡែក​នារសៀលថ្ងៃដដែល លោករដ្ឋលេខាធិការប្រចាំការ និងមន្ដ្រីបច្ចេកទេសបន្ដបេសកកម្មចុះពិនិត្យការងារវិស័យធនធានទឹក ស្ថិតក្នុងភូមិសាស្ដ្រខេត្ដឧត្ដរមានជ័យ រួមមាន៖ ទី១)ការដ្ឋានសាងសង់គម្រោងជីកស្ទឹងស្រែងបង្វែរចរន្តទិសទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាប់ព្រំប្រទល់ខេត្តឧត្តរមានជ័យ ដែលបាននិងកំពុងសាងសង់ដើម្បីបង្វែរចរន្តទឹកកុំឱ្យហៀរ និងហូរចូលប្រឡាយមេស្ទឹងស្រែងជំហាន១ ដោយជីកស្តារស្ទឹងប្រវែង ៤៥០ម៉ែត្រ និងលើកជាទំនប់ការពារប្រវែង១២០ម៉ែត្រ ទី២)អាងស្តុកទឹកស្ទឹងស្រែងជំហាន២ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ និងទី៣)អាងទឹកទំនប់ថ្មី ស្ថិតក្នុងឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង។

...

ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការប្រចាំការ បានឱ្យនាយកដ្ឋានវិស្វកម្មលើកផែនការជីកស្តារនិងលើកជាទំនប់ប្រវែងប្រមាណ៥០០ម៉ែត្របន្ថែមទៀត ដើម្បីធានាការកាពារកុំឱ្យទឹកហៀរចេញពីស្ទឹងហូរចូលប្រឡាយមេ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print