សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយ និងសូមចូលរួមប្រកបដោយភាព កក់ក្តៅជាមួយបងប្អូនជនរួមជាតិកម្ពុជាទាំងអស់នៅទូទាំងប្រទេស ដែលកំពុងរួមរស់ក្រោមម្លប់នៃសុខសន្តិភាព ពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យនិងពោរពេញដោយស្នាមញញឹម។ រយៈពេលមួយឆ្នាំដំបូង រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តយ៉ាង មុតមាំ និងកាន់តែស្វាហាប់ប្រកបដោយថាមវន្ត ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ និងការបម្រើប្រជាពលរដ្ឋ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ដូចមានបញ្ជាក់ច្បាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ នៅក្នុង ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអភិវឌ្ឍធនធានមនុស្សនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបវារៈនៃការអភិវឌ្ឍ ជាតិរបស់កម្ពុជា។

សម្តេចធិបតី លើកឡើងថា ៖ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជា ពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារនិងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និង ការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គម ឱ្យកាន់តែសកម្មនិងមាននិរន្តរភាព។

ព្រះរាជាណាចក្រកម្ពុជា បន្តប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ក្នុងគោលបំណងបង្កើនការយល់ ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ ព្រមទាំងឆ្លើយតបទៅនឹងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មអន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ ការអប់រំពហុភាសា អក្ខរកម្មសម្រាប់ការយល់ដឹងគ្នាទៅវិញទៅមក និងសន្តិភាព។ ជារួម ប្រធានបទដែលបាន ជ្រើសរើសសម្រាប់ទិវាអក្ខរកម្ម ឆ្នាំ២០២៤ សុទ្ធតែបានបង្ហាញពីតួនាទីសំខាន់របស់អក្ខរកម្ម ក្នុងការលើកកម្ពស់ និងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងចំណេះដឹង បំណិន និងនវានុវត្តន៍ សម្រាប់ការប្រាស្រ័យ ទាក់ទងគ្នា ការបណ្តុះភាពសុខដុមរមនានិងការឯកភាពគ្នា ការស្វែងរកគោលដៅរួម ការយល់ដឹងគ្នាទៅវិញទៅមក និងការស្រឡាញ់និងថែរក្សាសន្តិភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print