ភ្នំពេញ ៖ ចុងសប្តាហ៍ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ឆ្លៀតរំលឹកពី ថ្ងៃរះនៅប្រាសាទអង្គរវត្តប្រទេសកម្ពុជា ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ មកទស្សនាកម្សាន្តប្រកបដោយភាពរីករាយ ហើយកម្ពុជាមានភាពអស្ចារ្យបំផុត ដែលពិភពលោក ទទួលស្គាល់កម្ពុជាជាប្រទេស «អច្ឆរយៈ»!
សូមជម្រាបថា ៖ ជានិច្ចកាល ដែលយើងមិន ត្រូវកុំរំលង «ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត» ១ឆ្នាំមានតែ២ដង កុំភ្លេចទៅទស្សនានៅថ្ងៃទី២១ មីនា ។
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬហៅថា សមរាត្រី (Equinox) តែងតែកើតមាន ២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវ ដែលក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។
ករណីពិសេសនៅអង្គរវត្តវិញ នាវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។
កន្លងទៅអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ៖ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២៤នេះ អាចកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។
សូមបញ្ជាក់ថា ៖ ចំថ្ងៃរះនៅប្រាសាទអង្គរវត្តប្រទេសកម្ពុជា ព្រះមហាក្សត្រនៃកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បងប្អូនពិតចងចាំចំពោះព្រឹត្តិការណ៍នេះជាក់ជាមិនខាន ។
គួរឱ្យដឹងដែរថា អច្ឆិរយការណ៍របស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត ដែលនេះគឺជាហេតុផលវិទ្យាសាស្រ្តមួយ បំពេញចម្លើយចំពោះសំណួរដែលសួរថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច?។
អាជ្ញាធរជាតិអប្សរា បានអំពាវនាវសាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ទាំងអស់គ្នាកុំបីខានឡើយជារៀងរាល់ឆ្នាំ ៕