ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រួមគ្នាទប់ស្កាត់ឱ្យបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។យើងត្រូវរួមគ្នាការពារ ដើម្បីឱ្យប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។
ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខណ្ខ៧មករា ដោយមានការចូលរួមអបអរសាទរពីសមាជិក សមាជិកា ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ ខណ្ឌ៧មករា ចំនួន៤៤២នាក់នៅមន្ទីរបក្សរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាមជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយ ឆ្លើយតទៅលើការញ៉ុះញ៉ុងរបស់ពួកអមិត្ត ដូចជាថ្មីៗនេះ ក្រុមជ្រុលនិយម ក្រុមអមិត្តបានយក កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មកធ្វើជាបញ្ហា ដោយញ៉ុះញ៉ុងអោយមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្ដមបានបន្តថា ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ លុះត្រាតែយើងទាំងអស់គ្នា រួមគ្នាទប់ស្កាត់អោយបាន ក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ឯកឧត្ដមលើកឡើងទៀតថាយើងត្រូវបន្តរួមគ្នាយកជ័យជំនៈក្នុងការបោះឆ្នោតអោយបាននៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ តាមរយៈបន្តចុះមូលដ្ឋាន ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យសមាជិក សមាជិកានិងឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានជ្រោតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីអោយប្រជាពលរដ្ឋកាន់តែយល់ច្បាស់លាស់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ បក្សប្រឆាំងបានយកគណបក្សប្រជាជនកម្ពុជាជាសត្រូវ ដូច្នេះក្នុងនាមសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការបំភ្លៃការពិត ដោយញ៉ុះញ៉ងអោយមានចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ថា៖ ឯកឧត្តមលីឆេង អនុប្រធានទី១ក្រុម ការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានប្រកាស ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌ៧មករាជំនួស ឯកឧត្ដមនួន ផារត្ឋ័ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី ៕ ដោយ សំរិត