ការសម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៤ នាក់ខាងលើ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវបេតុង លេខ៦៨K ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។

សូមរំលឹកថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង ០២ក្រុម មានឈ្មោះ T.K.J ទឹកកញ្ចប់ និងក្រុម កាប់គោ មានគ្នាចំនួន១៤នាក់ បានជិះម៉ូតូចំនួន ១០ គ្រឿង ធ្វើសកម្មភាពយកមួកសុវត្ថិភាព គប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KU-1986 ឌុបមិត្តភ័ក្ត្រ នៅចំណុចផ្លូវបេតុងលេខ៦៨K ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ២០ នាទីយប់ ឃើញដូចនោះជនរងគ្រោះក៏ បានផ្ដួលម៉ូតូ ហើយនាំគ្នារត់គេចខ្លួន ហើយក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាយកដាវកែច្នៃ កាំបិតប៉័ងតោ និងដំបង ធ្វើសកម្មភាព កាប់ និង វាយទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យបែកកុងទ័រ និងក្បាំងម៉ូតូផ្នែកខាងមុខ រួចក៏នាំគ្នាជិះម៉ូតូ គេចខ្លួនអស់។ រហូតមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង ០០ នាទី សមត្ថកិច្ចក៏បានស្រាវជ្រាវនិង ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤ នាក់មាន ១.ឈ្មោះ វ៉ន ពិសី ហៅ អាវី ភេទស្រី កើតឆ្នាំ២០០៨ ២.ឈ្មោះ ពៅ ពុធវិទ្យា ហៅ ដែន ភេទប្រុស កើតឆ្នាំ២០០៩ ៣.ឈ្មោះ មុត វុធផារ៉ា ភេទប្រុស កើតឆ្នាំ២០១០ ៤.ឈ្មោះ សុច យនរតនៈ ភេទប្រុស កើតឆ្នាំ២០០៨ ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print