ភ្នំពេញ ៖ ទីស្ដីការក្រសួង នាល្ងាចថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធ និងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
គោលបំណងកិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការងារត្រៀមរៀបចំពិធី របស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
នាឱកាសនោះ លោករដ្ឋលេខាធិការ បានណែនាំឱ្យសមាជិកសមាជិកា គណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំពិធីបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានម៉ឺងម៉ាត់តាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការរៀបចំពិធីអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា