រដ្ឋមន្ត្រីក្រសួងអប់រំទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស ដើម្បីពិនិត្យវឌ្ឍនភាពគម្រោងការអប់រំមូលដ្ឋាន គាំទ្រដោយធនាគារពិភពលោក (World Bank)

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានដឹកនាំប្រតិភូ ធនាគារពិភពលោក (World Bank) ដែលមានលោកស្រី Tania Meyer, Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា និង លោក Cristian Aedo នាយក សម្រាប់ការអប់រំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (Practice Manager for Education, East Asia and Pacific Region) ចុះទស្សនកិច្ចសាលាបឋមសិក្សាព្រែកកំពឹស ក្នុងខណ្ឌដង្កោ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ និងជួបសំណេះ សំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងតំណាងសហគមន៍។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងភាគីពាក់ ព័ន្ធទាំងអស់ ដែលផ្តល់ជូននូវការអប់រំប្រកបដោយភាពសម្បូរបែប ក៏ដូចជាជំរុញឱ្យសិស្សចូលរួមសកម្មភាពសង្គមផ្សេងៗ  និងថ្លែងអំណរគុណចំពោះការចូលរួមគាំទ្ររបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដែលបានកែលម្អសោភណភាព និងជំរុញដំណើរការសាលារៀនឱ្យមានភាពរីកចម្រើន។ បន្ថែមពីនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលកញ្ចប់អំណានដំបូង ហើយបានយកវិធីសាស្ត្របង្រៀនថ្មីនេះមកអនុវត្តក្នុងការបង្រៀនប្រចាំថ្ងៃ ដែលបានជំរុញឱ្យលទ្ធផលសិក្សារបស់សិស្សមានភាពល្អប្រសើរឡើង។

ថ្លែងក្នុងឱកាសនេះដែរ នាយក Practice Manager for Education, East Asia and Pacific Region របស់ធនាគារពិភពលោកឱ្យដឹងថា បន្ទាប់ពីទស្សនកិច្ចតាមថ្នាក់រៀន លោកសង្កេតឃើញសកម្មភាពសិក្សារបស់សិស្សជាមួយលោកគ្រូអ្នកគ្រូ ពោរពេញដោយថាមពល ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ស្រលាញ់ការរៀនសូត្រ និងបានសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ ពាក់ព័ន្ធនឹងការរៀបចំខ្លួនសម្រាប់ការបង្រៀនពេញមួយថ្ងៃ និងសួរពីចំណាប់អារម្មណ៍របស់មាតាបិតា អ្នកអាណាព្យាបាលសិស្សអំពីការផ្លាស់ប្តូរឥរិយាបថសិស្សបន្ទាប់ពីចូលរួមកម្មវិធីរៀនពេញមួយថ្ងៃ។

លោកស្រី Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញក្តីរីករាយដែលបានមកដល់សាលារៀនដោយផ្ទាល់ ឃើញយ៉ាងច្បាស់ពីសកម្មភាពនៃការបង្រៀន និងរៀនរបស់សិស្សានុសិស្ស ជាពិសេសគឺអាចមើលឃើញពីតម្រូវការ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ ដែលសាលាកំពុងជួបប្រទះជាក់ស្តែងដើម្បីអាចបន្តចូលរួមជួយគាំទ្រឱ្យចំគោលដៅ ដោយគូសបញ្ជាក់ថា ធនគារពិភពលោកពិតជាយកចិត្តដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណចំពោះការប្តេជ្ញាចិត្តរបស់សាលាក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាព និងការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ព្រមទាំងការចូលរួមគាំទ្រមិនថមថយមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សដើម្បីលើក កម្ពស់លទ្ធផលសិក្សាសិស្ស និងបានផ្តល់អនុសាសន៍ឱ្យក្រុមការងារជំនាញ សហការជាមួយសាលា ដើម្បីពិនិត្យមើលពីមូលហេតុដែលធ្វើឱ្យអត្រាសិស្សត្រួតថ្នាក់ខ្ពស់ ដោយត្រូវរួមគិត និងដោះស្រាយបញ្ហានេះឱ្យបានល្អប្រសើរឡើង ក៏ដូចជាបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀនពេញមួយថ្ងៃ ដែលជួយក្មេងពីការយកម៉ោងទំនេរទៅដើរលេង មកជាការរៀនសូត្រ ត្រូវចងចាំថាដើម្បីការសិក្សាកូនល្អ គឺទាមទារនូវការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ដែលជួយតាមដាន ដាស់តឿនជំរុញកូនៗ ឱ្យរៀនបន្ថែមនៅផ្ទះ សូមកុំឱ្យកូនៗមើលទូរស័ព្ទច្រើនហួសហេតុ ជាពិសេសគឺត្រូវបញ្ជូនកូនមកទទួលការអប់រំតាំងពីកម្រិតមត្តេយ្យដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ថ្នាក់បឋមសិក្សា និងពង្រឹងគ្រឹះចំណេះដឹងសម្រាប់ឈានទៅបន្តការសិក្សាកាន់តែខ្ពស់ ដើម្បីឈោងចាប់អនាគតភ្លឺស្វាងនាពេលអនាគត។

...

គួរបញ្ជាក់ដែរថា ធនាគារពិភពលោក ( World Bank) បានគាំទ្រវិស័យអប់រំនៅកម្ពុជាតាមរយៈ គម្រោង អប់រំជាមូលដ្ឋាន (Basic Education 2025-2030) ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តកំណែ ទម្រង់សាលារៀន ការពង្រឹងគុណភាពនៃការបណ្តុះ បណ្តាល និងវិធីសាស្រ្តបង្រៀនរបស់គ្រូបង្រៀន និងការលើកកម្ពស់ការអប់រំឌីជីថល។ ដើម្បីបង្កើតផលជះលើគុណភាពនៃការអប់រំទូទៅ គម្រោងត្រូវផ្តោតលើការអប់រំថ្នាក់ដំបូង ការអប់រំឌីជីថល ការបង្រៀន និងការរៀនពេញមួយថ្ងៃ អាហារូបត្ថម្ភ និងសុខភាពសាលារៀន សម្រាប់ក្រុមជួបការលំបាក អភិបាលកិច្ចតាមវិស័យ និងការបណ្តុះបណ្តាលគ្រូ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print