ខេត្តកំពង់ចាម ៖ ប្រាសាទនគរបាជ័យ មានវ័យចំណាស់ជិត១.០០០ឆ្នាំ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧ កំពុងឈរបង្ហាញរាងយ៉ាងរឹងមាំ នៅលើទឹកដីនៃខេត្តកំពង់ចាម ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រាសាទនគរបាជ័យមាន ទីតាំងស្ថិតនៅ ក្នុងខេត្តកំពង់ចាមចម្ងាយ ២គ.ម ពីទីរួមខេត្ត កំពង់ចាម និងមានចម្ងាយសរុប ១២២គ.ម ពី ភ្នំពេញ ។ ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្សត្រជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណ ប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំ រីឯទ្វារទាំងបួន ទិសរបស់ប្រាសាទ ដែលអមដោយជញ្ជាំង ទាំងឡាយ ក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើ ឡើយ។
ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទ នេះ គឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញ សាសនា រហូតមកដល់បច្ចុប្បន្ន ស្ថានភាព ប្រាសាទនេះ គឺនៅរឹងមាំល្អណាស់ សម្រាប់ ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវ ផ្ទាំងសិលាចារិក ក៏ដូចជាចម្លាក់នានា ស្ថិត នៅក្នុងលំនាំដើមទាំងអស់។ ចំណែក សំណង់ព្រះវិហារ ព្រះពុទ្ធសាសនាដែល ស្ថាបនាក្រោយសម័យអង្គរនោះ ក៏ស្ថិតនៅ ល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។
ប្រាសាទនគរបាជ័យ ជាប្រាសាទបុរាណ មួយដែលបានសាងសង់ឡើងនៅចុងសតវត្សទី ១២ ដោយ ព្រះជ័យវរ្ម័នទី៧ ដើម្បី ឧទ្ទិសដល់ ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះបច្ចុប្បន្នបានបាត់បង់រូបរាង ដើមស្ទើរតែទាំងស្រុង។
អំពីប្លង់នៃប្រាសាទតាមការសង្កេតផ្ទាល់ ពីមន្ត្រីជំនាញលើកឡើងថា ៖ ប្រាសាទនេះ មានទំហំ ប្រហែល ៥០០មx៥០០ម វាមាន កំពែងបីជាន់ និងមានគោបុរៈគ្រប់ទិសធំទាំង ៤។ លោកអ្នកអាចចូលទៅលេងតាម គោបុរៈទិសខាងកើត និងជើង ឯទិសខាងត្បូង គឺ បាក់បែកអស់ជាច្រើន ឯទិសខាងលិច គឺ ទៅកាន់ភូមិអ្នកស្រុក។ កំពែងជាន់ទី១គឺបាក់បែក និងស្រុតអស់ជាច្រើនកន្លែង ឯកំពែង ជាន់ទី២ និង៣ នៅរក្សារូបរាងដើមបាន ល្មមធ្វើឲ្យយើងនៅចំណាំបាន។ នៅក្នុងកំពែងជាន់ទី២ មានស្រះទឹកតូចៗ២ ដែលឥឡូវរាក់និង អាចរីងនៅពេលខាងមុខ។ តួប្រាសាទ ដែលស្ថិតនៅក្នុងកំពែងទី៣ ត្រូវបានកែ ប្រែឲ្យក្លាយជាចេតិយមួយដ៏ធំ ដែលលោកអ្នកអាចមើលឃើញនៅនឹងរូបភាព ខាង ឆ្វេងដៃនេះ។ ប្រាសាទនេះស្ថិតនៅក្នុង រចនាបទបាយ័ន ហើយបើទោះជាព្រះជ័យ
ព្រះបាទជ័យវរ្ម័នទី៧ គោរពពុទ្ធសាសនា មហាយានក៏ គ្មានប្រាសាទណាសាងសង់ កំពូលស្រួច ដូចចេតិយបែបនេះដែរ ឯចេតិយនិងវិហារដែល នៅជាប់នឹងចេតិយ នេះគឺសាងសង់នៅសម័យក្រោយមកទេ។
រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះថា ៖ «ប្រាសាទនគរបាជ័យ មានវ័យចំណាស់ជិត១.០០០ឆ្នាំ ដែលជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧ កំពុងឈរបង្ហាញរាងយ៉ាងរឹងមាំ នៅលើទឹកដីនៃខេត្តកំពង់ចាម ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម» ៕