ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទាន ដែលមានទឹកប្រាក់ ប្រមាណ ២ លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន ៨ គ្របដណ្តប់លើផ្នែក ទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។
ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជា និងចិន ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕