អ្នកឧកញ៉ា គិត ម៉េង ៖ អ្នកខ្លះសួរថា “ហេតុអ្វីបានត្រូវតែជា “ខ្ញុំ” គ្រប់ពេលវេលា?”

ចែករំលែក៖

ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ អ្នកខ្លះសួរថា៖ “ហេតុអ្វីបានត្រូវតែជា “ខ្ញុំ” គ្រប់ពេលវេលា?”

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ៖ ពេលខ្លះ ការធ្វើខ្លួនជាអ្នកមានភាពធន់រឹងមាំ ហើយមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយអ្វីៗបាន អាចជាអាវុធមុខពីរ គឺផ្តល់ផលវិជ្ជមាន និងអវិជ្ជមាន។ មើលលើទិដ្ឋភាពមួយជ្រុង អ្នកមានអារម្មណ៍ថាខ្លួនមានមោទនភាព និងសម្រេចបានសមិទ្ធផលដែលបានមកពីការទទួលយកនូវទំនួលខុសត្រូវជាច្រើន និងការធានាឱ្យអ្វីៗដំណើរការដោយរលូន រាប់ទាំងពីការទទួលខុសត្រូវក្នុងការគ្រប់គ្រងកិច្ចការផ្ទះ និងការងារនៅកន្លែងធ្វើការ។

លោកថា ៖ ប៉ុន្តែ សូមទទួលស្គាក់ការពិតថាជីវិតមិនមែនមានភាពស្រួល និងរីករាយគ្រប់ពេលនោះទេ។ អ្នកអាចមានអារម្មណ៍តានតឹង ឬលំបាកចំពោះការទទួលយកទំនួលខុសត្រូវតែម្នាក់ឯង ដើម្បីធ្វើកិច្ចការជាច្រើនដែលមានបញ្ហាប្រឈម។ មានពេលខ្លះអ្នកនឿយហត់ គឺនៅពេលដែលអ្នកបំពេញការងារច្រើន ដោយព្យាយាមសម្រេចឱ្យបានទៅតាមតម្រូវការក្នុងការងារ តម្រូវការគ្រួសារ និងគោលដៅផ្ទាល់ខ្លួន។ អ្នកឧកញ៉ា គិត ម៉េង បន្តថា ៖ អ្នកត្រូវទទួលស្គាល់ថាអ្នកមិនអាចចៀសផុតពីអារម្មណ៍ធុញថប់ និងបញ្ហាប្រឈមក្នុងជីវិតបានទេ នៅពេលអ្នកទទួលយកទំនួលខុសត្រូវក្នុងការធ្វើកិច្ចការជាច្រើន។

ប៉ុន្តែ ទោះបីជីវិតជួបបញ្ហាប្រឈមក្នុងការធ្វើកិច្ចការលើសលប់ក៏ដោយ ក៏អ្នកមានអារម្មណ៍រីករាយដែរ ដោយសារតែអ្នកដទៃមានទំនុកចិត្តមកលើការងាររបស់អ្នក។ មិនថាវាជាការងាររៀបចំផែនការសម្រាប់គ្រួសារ ការដោះស្រាយបញ្ហានៅកន្លែងធ្វើការ ឬធ្វើអ្វីមួយសាមញ្ញសម្រាប់មនុស្សជាទីស្រទ្បាញ់នោះទេ អ្នកគួរដឹងថាអ្វីៗដែលអ្នកបានធ្វើ ផ្តល់ផលវិជ្ជមានមកលើអ្នកដទៃ ឬស្ថានភាពណាមួយ ហើយនេះជារង្វាន់ដ៏មានតម្លៃសម្រាប់អ្វីដែលអ្នកបានធ្វើ ដោយសារតែអ្នកមានសមត្ថភាពដោះស្រាយរាល់កិច្ចការដែលបានប្រគល់ទៅឱ្យអ្នក។

អ្នកឧកញ៉ា គិត ម៉េង បន្តថា ៖ អ្នកយល់ច្បាស់ពីតុល្យភាពរវាងការជួយអ្នកដទៃ និងការមើលថែលើខ្លួនឯង ដោយអ្នកទទួលស្គាល់ថាវាជារឿងល្អក្នុងការស្នើអ្នកដទៃឱ្យជួយអ្នក ហើយអ្នកត្រូវការពេលសម្រាកពីបន្ទុកជាច្រើន ដើម្បីសុខុមាលភាពរបស់អ្នក។

ដូច្នេះ សម្រាប់អ្នកដែលយល់ថាខ្លួនតែម្នាក់ឯងជាពំនឹងរបស់អ្នកដទៃ ឬមានទំនួលខុសត្រូវច្រើនតែម្នាក់ឯងដើម្បីអ្នកដទៃ សូមអ្នកអបអរសាទរចំពោះកម្លាំង និងភាពធន់របស់អ្នក។ ប៉ុន្តែ សូមរម្លឹកខ្លួនយើងផង ដែរថាអ្វីៗមិនមែនសុទ្ធតែងាយស្រួលនោះទេ។ បញ្ហាប្រឈម និងអារម្មណ៍តានតឹងគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស។

អ្នកឧកញ៉ា គិត ម៉េង ថា ៖ ភាពខ្លាំងពិតប្រាកដមិនមែនមានន័យថាធ្វើកិច្ចការទាំងអស់តែម្នាក់ឯង និងធ្វើវាគ្រប់ពេលនោះទេ។ ភាពខ្លាំងពិតប្រាកដមានន័យថាអ្នកដឹងថាពេលណាដែលអ្នកត្រូវការឱ្យអ្នកដទៃជួយអ្នក និងពេលណាដែលអ្នកត្រូវការសម្រាក ដើម្បីសុខុមាលភាពរបស់អ្នក។ មនុស្សខ្លាំង ឬមានសមត្ថភាពប៉ុនណាក៏ដោយ ក៏មានពេលខ្លះត្រូវការជំនួយពីអ្នកដទៃដែរ។
អ្នកមានសមត្ថភាពធ្វើរឿងនេះបាន! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print