សម្តេចធិបតី  ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំណត់យកចំណុចរួមរបស់ប្រជាពលរដ្ឋខ្មែរ ពោលគឺការពារអធិបតេយ្យ និងអភិវឌ្ឍខេត្តទាំង៤ ឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍រួមដោយយកចំណុចដែលប្រជាជនចង់បានទូទាំងប្រទេស ពោលគឺទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រគម្រោងកិច្ចសហប្រតិ្តបត្តិការតំបន់ត្រីកោណ តែងបង្ហាញក្ដីកង្វល់អំពីបញ្ហាអធិបតេយ្យភាព និងការអភិវឌ្ឍខេត្តទាំង៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ឆ្លើយតបទៅនឹងកង្វល់រួមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការសកម្មភាពមួយចំនួនដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋពិតប្រាកដ ពោលគឺការពារទឹកដី ការពារអធិបតេយ្យភាព និងអភិវឌ្ឍខេត្តទាំង៤ នេះដើម្បីឱ្យបានកាន់តែល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ» ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ មកដល់ពេលនេះ មូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាសរុបប្រមាណ១៩លានដុល្លារ។ ថវិកានេះ នឹងបង្កើតគណៈកម្មការមួយគ្រប់គ្រង ដើម្បីរក្សាបានតម្លាភាព និងភាពត្រឹមត្រូវ នៃការប្រើប្រាស់ថវិកា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការចូលរួមថវិកា មកដល់ពេលនេះ នៅក្នុងមូលនិធិ យើងបានជាង១៩លានដុល្លារ ។  សំនួរសួរថា តើយើងគ្រប់គ្រងយ៉ាងម្ដេច? ការធានានូវតម្លាភាព និងចំគោលដៅ គឺជាកិច្ចការសំខាន់, យើងនឹងបង្កើតគណៈកម្មាធិការគ្រប់គ្រង និងផ្សព្វផ្សាយជូនដំណឹងប្រជាពលរដ្ឋ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងទៀតថា គណៈកម្មាធិការគ្រប់គ្រង នឹងផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋ អំពីគម្រោងដែលត្រូវធ្វើ ហើយប្រជាពលរដ្ឋ អាចទៅមើលផ្ទាល់តែម្ដងក៏បាន ថាបានធ្វើឬក៏អត់ និងធ្វើបានប៉ុន្មានហើយ។
បន្ថែមពី នោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល សូមធ្វើការធានាជូននូវតម្លាភាព និងការប្រើប្រាស់ ឲ្យចំគោលដៅនៃថវិកា សម្រាប់ធ្វើផ្លូវក្រវាត់តាមព្រំដែន ហើយការងារនេះ នឹងធ្វើជាជំហានៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការដែលរាជរដ្ឋាភិបាល ត្រូវធ្វើដើម្បីការពារទឹកដី រួមមាន៖ បន្តបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាងឲ្យចប់សព្វគ្រប់, អភិវឌ្ឍន៍តំបន់ព្រំដែន, ជំរុញកំណើនប្រជាជន និងការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print