ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។
ប្រភពដដែលបន្តថា នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
គួរជម្រាបថា ក្រសួងកសិកម្ម បានឱ្យដឹងដែរថា មានក្រុមហ៊ុនធំៗចំនួន៣ ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គ និងដំឡូងមីសរីរាង្គទៅទីផ្សារ អន្ដរជាតិឈានមុខគេនៅកម្ពុជា ចុះកិច្ចសន្យាប្រមូលទិញស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លើបរិមាណ ជាង ៥០,០០០តោន ក្នុងឆ្នាំ២០២៤នេះ ពីសហគមន៍ចំនួន៣២ ក្នុងខេត្តព្រះវិហារផងដែរ៕ដោយ៖តារា