អាសូរណាស់! ក្មេងប្រុសម្នាក់ឆ្លងទឹកប្រឡាយ ទៅ​បេះ​ផ្សិត អកុសលលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង​ ៖ ​ក្មេង​ប្រុស​ម្នាក់​ដោយសារ​តែ​ជីវភាព​ក្រីក្រ​បាន​ហែល​ទឹក​ប្រឡាយ​ឆ្លង​ទៅ​បេះ​ផ្សិត​អាកា​ស្យា​លក់ ជា​អកុសល​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អា​ធ័ម​។​

ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​កញ្ញា​ ឆ្នាំ ២០២៤ ​នៅ​​ចំណុច​​ប្រឡាយទឹកមួយកន្លែង​ ស្ថិត​​ក្នុង​​ភូមិ​ត្រោក​តូច ​ឃុំ​ស្វាយ​ធំ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​។​

បើ​តាម​សមត្ថកិច្ច​នគរបាលបាន​ឲ្យ​ដឹង​ថា ​ក្មេង​​រង​គ្រោះ​ឈ្មោះ​ឈា ឆៃ ​អាយុ​១៤​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

តាម​​ប្រភពដដែលបាន​​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​និង​មិត្ត​ភ​ក្តិ៤​នាក់ បាន​នាំ​គ្នា ដើរ​ដក​ផ្សិត ផ្ចា​ក់​និង​ផ្សិត​អាកា​ស្យា នៅ​តាម​ទួល​ខាងក្រោយ​ភូមិ​ដើម្បី​យក​ទៅ​លក់ ។​

ក្រោយ​ពី​ដើរ​ដក​ផ្សិត​នៅ​តាម​ទួលរួច​មក ​ក៏​នាំ​គ្នាហែល​ទឹក​ប្រឡាយក្នុង​គោលបំណង​ឆ្លង​ទៅ​ដក​ផ្សិត​នៅ​តាម​ភ្លឺ​ប្រឡាយ ខណៈនោះ​ក្មេង​ប្រុស​០៣​នាក់​បាន​ហែល​ឆ្លង​ទៅ​មុន​ដល់ត្រើយ​ម្ខាង ចំណែង​ជន​រង​គ្រោះ​គឺ​ហែល​តាម​ក្រោយ ដោយ​ដៃ​ម្ខាង​កាន់​ថង់​ដាក់​ផ្សិត កន្លះ​ថង់ ខណៈ​ហែល​បាន​ជាង​ពាក់កណ្តាល​ជិត​ដល់​ច្រាំង​ហើយ ​ស្រាប់តែ​ជន​រង​គ្រោះ​ហែលអស់ជើង ​ហែល​លែង​រួច​ក៏​ស្រែក​ឲ្យ​មិត្ត​ភ​ក្តិជួយ​ ។

ខណៈនោះ​ក្មេង​ទាំង​បី​នាក់​បាន​យក​មែកឈើ​ឲ្យ​ជន​រង​គ្រោះ​តោង​ដែរ តែ​ជន​រង​គ្រោះ​តោង​មិន​បាន​ក៏​លិចទៅ​ក្នុង​ទឹក ។ ពេលនោះ​ក្មេង​ៗ​ក៏​ស្រែកហៅ បុរស​ម្នាក់​ដែល​កំពុង​បោចស្មៅ​ក្នុង​ស្រែ​ឲ្យ​មក​ជួយ ខណៈនោះ​បុរស​បោចស្មៅ​ស្រូវ​ក៏​រត់​មក​ជួយដែរ​ តែ​ពេល​មក​ដល់​ ជន​រង​គ្រោះ​បាន​លិច​ចូល​ក្នុង​ទឹក​បាត់​ទៅ​ហើយ ខណៈនោះ​អ្នក​ភូមិ​មក​ដល់​ក៏​ចុះ​រាវរកដែរ​ តែ​មិនឃើញ​រហូត​ដល់​មួយ​ម៉ោង ​ទើប​រក​ឃើញជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ចាស់ទុំ​ក៏​បាន​បី​​សព​ក្មេង​​រង​គ្រោះ​យក​ទៅ​ផ្ទះ​ជីតា រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​មក​ពិនិត្យ ។​

ក្មេង​ទាំង​០៣​នាក់​ទៅ​ជាមួយ​និយាយ​ថា ជន​រង​គ្រោះ​ចេះ​ហែល​ទឹក​ដែរ ក៏​ប៉ុន្តែ​ដោយសារ​តែ​ជន​រង​គ្រោះ​ពេល​ហែល​ទឹក​នោះ​ដៃ​ម្ខាង​កាន់​ថង់​ផ្សិត​លើក​ឡើង​ផុត​ពី​ទឹក ទើប​ហែល​មិន​ផុត​បែប​នេះ បើ​បោះចោល​ថង់​ផ្សិត​ប្រហែលជា​មិន​លង់ទឹក​ទេ អ្នក​ភូមិ​បានឮ​ហើយ​អ្នក​ណា​ក៏​មិន​អាច​ទប់ទឹក​ភ្នែក​បាន​ឡើយ ខណៈក្មេងរងគ្រោះ​ខំតស៊ូ​ដើម្បី​ជួយ​រក​លុយ​ឲ្យ​ម្តាយ ស្រាប់តែ​​ជួប​គ្រោះ​អកុសលបែប​នេះ​។​

...

ក្រោយមក​សមត្ថកិច្ច​បាន​ ធ្វើ​កោសល្យ​វិ​ច្ច័​យ ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិតពិតប្រាកដ ទើបប្រគល់​សព​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print