នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបពិភាក្សាទ្វេភាគីជាមួយប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ

ចែករំលែក៖

ទីក្រុងវៀងច័ន្ទ ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នៅទីក្រុងវៀងច័ន្ទ។

ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ បានថ្លែងអំណរគុណចំពោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។

ឧត្តមសេនីយ៍ឯក ខាំលៀង បានលើកឡើងពីរកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលក្នុងរយៈពេលមួយឆ្នាំមកនេះ ទទួលបានលទ្ធផលល្អប្រសើរ។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសម និងបានអបអរសាទរចំពោះការរៀបចំដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២១ ប្រកបដោយជោគជ័យ។

នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ជាពិសេសវត្តមានរបស់អគ្គមេបញ្ជាការនៃបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ ក្នុងការពិភាក្សានិងផ្លាស់ប្តូរទស្សនៈ ក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព នៃបណ្តាប្រទេសក្នុងតំបន់អាស៊ានឱ្យកាន់តែរឹងមាំ។

លើកិច្ចទំនាក់ទំនងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ក្នុងគោលបំណងរក្សានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងលើកស្ទួយជីវភាព រស់នៅនិងសុខមាលភាពរបស់ប្រជាពលរដ្ឋនៃយើងទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print