ការចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​ និង​រតនគិរី​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម ហុង ស៊ីណារា អនុរដ្ឋលេខាធិការ លោកអគ្គនាយករងបច្ចេកទេស អគ្គនាយករងសាធារណការ លោកប្រធាននាយកដ្ឋានទាំងបី ក្រោមឱវាទអគ្គនាយកដ្ឋានបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ខេត្តរតនគិរី ក្រុមការងារបច្ចេកទេសពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន CRBC​ រយៈពេល​ពីរ​ថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី០៧​ ខែកញ្ញា ឆ្នាំ២០២៤​ បានចុះពិនិត្យស្ថានភាពបណ្តាញខ្សែផ្លូវជាតិ និងខ្សែផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី និងខេត្តរតនគិរី ដែលរួមមាន ផ្លូវជាតិលេខ៧៦ ផ្លូវជាតិលេខ៧៨ ផ្លូវជាតិលេខ៧៦-៤ ផ្លូវជាតិលេខ៧៨-៥ ផ្លូវខេត្តលេខ៣៧៨៩ និងផ្លូវស្របតាមខ្សែបន្ទាត់ព្រំដែនឆ្ពោះទៅតំបន់កន្ទុយនាគ(ព្រំដែនកម្ពុជា ឡាវ វៀតណាម)។

ដំណើរបេសកកម្មចំនួន០២ថ្ងៃនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃលើស្ថានភាពខ្សែផ្លូវបច្ចុប្បន្ន ដែលកំពុងធ្វើការជួសជុល ថែទាំដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២៤ និងប្រមូលទិន្នន័យបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសស្ថានភាពភូមិសាស្រ្តជាក់ស្តែងនៃផ្លូវជាតិលេខ៧៨-៥ និងតម្រុយខ្សែផ្លូវស្របតាមបន្ទាត់ខ្សែក្រវាត់ព្រំដែនដែលជាជម្រើសផ្សេងទៀតក្នុងការតភ្ជាប់ខ្សែផ្លូវទៅកាន់តំបន់កន្ទុយនាគក្នុងដំណាក់កាលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះបម្រើដល់វិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print