ភ្នំពេញ៖ ទីបំផុតបំណងប្រាថ្នាក្នុងការទទួលយកកំណើតកូនរួមគ្នារបស់ ពិធីការិនីគង់ សុជាតិ និង លោក ជា វិបុល បានសម្រេចហើយ។ ចំណងដៃកូនដំបូងនេះនឹងធ្វើឲ្យសុភមង្គលរបស់គូស្នេហ៍ខុសវ័យនេះកាន់តែផ្អែមល្ហែមទ្វេរឡើង។
វ័យកាន់តែច្រើនរបស់ គង់ សុជាតិ ត្រូវបានក្លាយជាការព្រួយបារម្ភមួយសម្រាប់ការបង្កកំណើតកូនជាតំណក់ឈាមរបស់លោក ជា វិបុល។ ពេលនេះសុជាតិមានវ័យ៣៨ឆ្នាំហើយដែលជាវ័យប្រឈមនឹងបញ្ហាបង្កកំណើតផងដែរ ខណៈដែលពួកគេក៏ថ្លែងពីការព្រួយបារម្ភអំពីបញ្ហានេះដែរ ប៉ុន្តែអ្នកទាំងពីរបញ្ជាក់ថា មិនមែនជាបញ្ហាដែលនាំឲ្យគ្រួសារពួកគេដើរដល់ផ្លូវទាល់នោះដែរ។ ការថ្លែងពីការឈឺឆ្អាលព្រួយបារម្ភពីចំណងស្នេហ៍របស់សិល្បករទាំងពីរនេះកើតមានឡើងក្រោយពេលគេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះចំណងជីវិតគ្រួសាររបស់សិល្បករជាច្រើនស្ថិតក្នុងភាពផុយស្រួយ។
ពិធីការិនីគង់ សុជាតិ បានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតតារាសម្តែង ពៅ លីដា កាលពីរាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ ជាមួយនឹងសាច់ឈាមធាត់ទ្រលុកទ្រលន់ជាមុន ហើយអ្វីដែលគេចាប់អារម្មណ៍គឺនាងលេចចេញទម្រង់ពោះធំបន្តិចដែលធ្វើឲ្យគេអាចសម្គាល់បានថា នាងកំពុងមានផ្ទៃពោះដែលសូម្បីតែស្បែកជើងកែងខ្ពស់ដែលនាងនិយមពាក់ក៏នាងមិនប្រើដូចមុនដែរ។ ទោះជាយ៉ាងណា គង់ សុជាតិ ហាក់ស្ទាក់ស្ទើរក្នុងការបញ្ជាក់អំពីដំណឹងនៃការបង្កកំណើតកូនដំបូង ប៉ុន្តែនាងទទួលស្គាល់ថា នាងបានបាត់រដូវជាងពីរខែមកហើយ។ នាងបញ្ជាក់ថា នៅថ្ងៃទី១០នេះ នាងនិងស្វាមីបានសម្រេចចិត្តទៅពិនិត្យផ្ទៃពោះជាលើកដំបូងដើម្បីប្រាកដថាមានផ្ទៃពោះឬយ៉ាងណាង។ នាងបញ្ជាក់ថា ប្រសិនបើមានមែននាង និងស្វាមីពិតជាត្រេកអរខណៈដែលនាងនិងស្វាមីចង់បានកូនដំបូងដែលជាតំណក់ឈាមរួមគ្នានេះ។ នាងបញ្ជាក់ថា នៅថ្ងៃទី១០ខែសីហានេះ ក្រោយពីពិនិត្យផ្ទៃពោះនាងក៏នឹងមានរៀបចំកម្មវិធីដ៏ភ្ញាក់ផ្អើលមួយជាមួយនឹងក្រុមហ៊ុនផលិតផលសម្រាប់ម្តាយ និងទារកផងដែរ។ តាមរយៈការបញ្ជាក់នេះបានធ្វើឲ្យគេដឹងថា នាងពិតជាមានផ្ទៃពោះជាក់ប្រាកដណាស់ ហើយក៏ឈ្លៀតក្នុងការចូលរួមការផ្សព្វផ្សាយផលិតផលថែរក្សាសុខភាពផងដែរ ដែលគេដឹងថា នាងអាចប្រើព្រួញមួយបាញ់សត្វបានដល់ទៅពីរដែលមិនត្រឹមតែអាចសម្រេចបំណងពរពោះកូនបានតែមួយនោះទេ គឺនាងអាចរកចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មបានថែមទៀតផង។
តារាស្រីវ័យ៣៨ឆ្នាំរូបនេះបញ្ជាក់ថា កន្លងមកនាងធ្លាប់បានពិនិត្យសុខភាព និងជួបក្រុមវេជ្ជបណ្ឌិតជាញឹកញាប់ដើម្បីប្រាកដថា តើនាងនិងស្វាមីមានលទ្ធភាពក្នុងការបង្កកំណើតរួមគ្នាបានដែរឬទេ ដែលលទ្ធផលគឺល្អទាំងពីរនាក់។ នាងបញ្ជាក់ថា នាងចង់បានកូនស្រី ខណៈដែលលោក ជា វិបុល ជាស្វាមីចង់បានកូនប្រុស ប៉ុន្តែនាងនិងស្វាមីសម្រេចហើយថាប្រុសឬស្រីសុទ្ធតែជាកូន ។
គួរបញ្ជាក់ដែរថា ពិធីករ ជា វិបុល និង មេម៉ាយក្តៅស្រួយ គង់ សុជាតិ បានដឹកដៃគ្នាចូលរោងការយ៉ាងអធិកអធមកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅគេហដ្ឋានរបស់ នាងម្តុំផ្សារថ្មី និងទទួលភ្ញៀវនៅសណ្ឋាគារ អាំងទែរកុងទីណង់តាល់ ក្រោមវត្តមានមន្ត្រីមានមុខមាត់ អ្នកជំនួញ និងសិល្បករជាច្រើនរូបទៀត៕
ដោយ៖ វឌ្ឍនា