ខេត្តតាកែវ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ ព័ន្ធករណីក្រុមក្មេងទំនើងចំនួន០២នាក់ ដែលបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះដែលធ្វើដំណើរតាម ផ្លូវ នៅចំណុចភូមិពីរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ។ ក្នុងករណីនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី១.ឈ្មោះ សួស ឧត្តម ភេទប្រុស អាយុ ២១ឆ្នាំ និង ទី២.ឈ្មោះ នេត សុផាន្នី ភេទប្រុស អាយុ១៨ឆ្នាំ ។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យទី១.ឈ្មោះ សួស ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ និង ទី២.ឈ្មោះ នេត សុផាន្នី ភេទប្រុស អាយុ១៨ឆ្នាំ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ចំណុចភូមិពីរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕