យន្តហោះចម្បាំងរបស់អាមេរិកបានចាប់ផ្តើមបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមជីហាតរដ្ឋអ៊ិស្លាម នៅក្នុងទឹកដីរបស់លីប៊ី ដោយឆ្លើយតបទៅតាមការស្នើសុំរបស់រដ្ឋាភិបាលរួបរួមជាតិលីប៊ី។ រដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងប្រទេសលោកខាងលិច។
មន្រ្តីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសនៅលីប៊ីនេះ គឺជាប្រតិបត្តិការដែលនឹងត្រូវធ្វើជាលក្ខណៈយូរអង្វែង ដើម្បីជាជំនួយដល់កងទ័ពលីប៊ី ក្នុងការវាយលុកយកទីតាំងរបស់ក្រុមជីហាតរដ្ឋអ៊ិស្លាម។ អស់រយៈពេលជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីខែឧសភា មក ដែលកងទ័ពនៃរដ្ឋាភិបាលរួបរួមជាតិលីប៊ី បានបើកប្រតិបត្តិការវាយលុក ព្យាយាមដណ្តើមកាន់កាប់ទីតាំងរបស់ក្រុមជីហាតរដ្ឋអ៊ិស្លាមនៅក្នុងទីក្រុងសៀត ។
ទីក្រុងសៀតនេះ ដែលជាក្រុងកំណើតរបស់អតីតមេដឹកនាំផ្តាច់ការ កាដាហ្វី ត្រូវបានក្រុមជីហាតរដ្ឋអ៊ិស្លាមវាយដណ្តើមកាន់កាប់កាលពីឆ្នាំទៅមិញ ហើយបានបង្កើតជាមូលដ្ឋានដ៏ធំទី៣ បន្ទាប់ពីអ៊ីរ៉ាក់ និងស៊ីរី ។
ថ្លែងតាមទូរទស្សន៍ជាតិ នាយករដ្ឋមន្រ្តីលីប៊ីបានឲ្យដឹងថា លីប៊ីបានសម្រេចចូលរួមក្នុងបក្សសម្ព័ន្ធអន្តរជាតិប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ិស្លាម ហើយបានស្នើសុំជាផ្លូវការឲ្យអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងក្រុមជីហាតនៅលីប៊ី៕
ប្រែសម្រួល៖ ម៉ែវ សាធី