មេដឹកនាំកូរ៉េខាងជើងបានត្រួតពិនិត្យកន្លែងយោធា និងបានស្នើឱ្យធ្វើទំនើបកម្មសព្វាវុធ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្នើឱ្យធ្វើទំនើបកម្មអាវុធនិងការផលិតគ្រាប់រំសេវ ដើម្បី “ធានាឱ្យបានទូលំទូលាយនូវការអនុវត្តអាវុធ” “ឆ្លើយតបនឹងបរិយាកាសសន្តិសុខក្នុងតំបន់” ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ ថ្ងៃទី ៨ ខែកញ្ញាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានទៅទស្សនាសាលាកាំភ្លើងធំ O Jin U ដែលជាកន្លែងហ្វឹកហាត់ស្នូលសម្រាប់កងកម្លាំងកាំភ្លើងធំរបស់ប្រទេសនេះ។
ថ្លែងក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំគីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា បណ្ឌិត្យសភាចាំបាច់ត្រូវអនុវត្តឱ្យបានហ្មត់ចត់នូវគោលនយោបាយរបស់គណបក្សពលករកូរ៉េ ស្តីពីការផ្តល់អាទិភាពដល់ការកសាងកងកម្លាំងកាំភ្លើងធំ និងគោលនយោបាយអប់រំយោធានាពេលខាងមុខ។
ក្រៅពីការទៅទស្សនាសាលាខាងលើ លោក គីម ជុងអ៊ុន ក៏បានពិនិត្យកន្លែងផលិតកប៉ាល់ សហគ្រាសឧស្សាហកម្មការពារជាតិ និងមូលដ្ឋានទ័ពជើងទឹកដែលកំពុងសាងសង់ផងដែរ។ មេដឹកនាំរូបនេះបានប្រកាសថា ការកសាង “មូលដ្ឋានទ័ពជើងទឹកទំនើប និងពហុមុខងារ គឺជាដំណើរការដ៏សំខាន់មួយក្នុងការអភិវឌ្ឍកងទ័ពជើងទឹកឱ្យទៅជាកម្លាំងដ៏មានឥទ្ធិពល” ឆ្លើយតបនឹងបរិយាកាសសន្តិសុខនៅក្នុងតំបន់។
ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគ្រាសឧស្សាហកម្មការពារជាតិ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការធ្វើឱ្យប្រសើរឡើងនូវកម្រិតវិទ្យាសាស្ត្រ និងធ្វើទំនើបកម្មការផលិតសព្វាវុធ និងគ្រាប់រំសេវ ដើម្បីធានាឱ្យបានពេញលេញនូវសមត្ថភាពយោធា។
ដំណើរទស្សនកិច្ចអធិការកិច្ចរបស់មេដឹកនាំគីម ជុងអ៊ុន ធ្វើឡើងក្នុងបរិបទដែលកូរ៉េខាងជើងរៀបចំប្រារព្ធខួបលើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (៩ កញ្ញា ១៩៤៨ – ៩ កញ្ញា ២០២៤)៕ ដោយធីរីណា

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print