ខេត្តរតនគិរី៖ ប្រជាពលរដ្ឋចំនួន១៥នាក់ពួកគាត់មានអាការៈមិនស្រួលខ្លួនរាក ក្អូត និងឈឺក្បាល ក្រុមគ្រូពេទ្យដាក់ការសង្ស័យថាអាចពុលអាហារបណ្តាលមកពីហូបសាច់គោភ្លាឆៅខណៈដែលពួកគាត់កំដរបុណ្យសពអ្នកភូមិ។
ករណីប្រជាពលរដ្ឋពុលភ្លាសាច់គោឆៅនេះបានកើតឡើងនៅវេលាម៉ោង២១ៈ៣០នាទីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។
បើយោងតាមរបាយការណ៍បឋមរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឱ្យដឹងថា ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៣ៈ០០រសៀល ពួកគាត់ដែលជាជនរងគ្រោះទាំង១៥នាក់បាននៅកំដរបុណ្យសពអ្នកភូមិខាងលើហើយធ្វើសាច់គោភ្លាឆៅដើម្បីបរិភោគ។
លុះដល់ម៉ោងប្រហែល១៦ៈ០០រសៀលស្រាប់តែពួកគាត់មានអាការៈមិនស្រួលខ្លួនមានរោគសញ្ញាដូចជា រាក ក្អូត និងឈឺក្បាលហើយក៏នាំគ្នាចូលមកសម្រាកនៅមណ្ឌលសុខភាពភ្នំកុកចំនួន៥នាក់ នៅមណ្ឌលសុខភាពអូរជុំចំនួន៥នាក់ និងនៅក្នុងភូមិ៥នាក់ទៀត។
តាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោកគ្រូពេទ្យជា សានិត ប្រធានមន្ទីរសុខាភិបាល សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានចុះទៅទីតាំងកើតហេតុទាំងយប់ នៅពេលទទួលបានការរាយការណ៍ភ្លាម ដើម្បីរកមូលហេតុនិងជួបសម្ភាសន៍ជាមួយអ្នកជំងឺ។
ក្រុមការងារបានប្រមូលសំណាកម្ហូបអាហារដែលនៅសេសសល់ពីការបរិភោគរបស់អ្នកជំងឺដើម្បីយកមកធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងក្រុមការងារអង្កេតបានដាក់ការសង្ស័យលើការពុលរបស់អ្នកជំងឺអាចបណ្តាល មកពីម្ហូបអាហារ (ភ្លាសាច់គោឆៅ) ក្នុងកម្មវិធីខាងលើ ។
ទោះបីជាយ៉ាងណា ក្រុមការងារនៅតែបន្តការអង្កេតតាមដានពីមូលហេតុជាបន្តទៀត។
បច្ចុប្បន្ន អ្នកជំងឺបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុកចំនួន ០៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ដោយក្រុមគ្រូពេទ្យ បានតាមដានសភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់និងបន្តតាមដានអ្នកជំងឺនៅក្នុងភូមិ០៥នាក់ដែលមានអាការៈស្រាលៗនោះផងដែរ៕
ដោយ៖ ជីវ័ន្ត