ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទអ្នកដំណើរតាមផ្លូវ បានសម្រេច ព្យាយាមបើកម៉ូតូរត់គេចទៅធ្លាក់ប្រឡាយទឹកស្អុយត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺចាប់បាន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៤ ភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីមន្រ្តីអាវុធហត្ថបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យម្នាក់បើកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-2920 ធ្វើសកម្មភាពឆក់ទូរស័ព្ទ អ្នកដំណើរ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយព្យាយាមជិះម៉ូតូគេចខ្លួន ត្រូវបានកម្លាំងអាវុធហត្ថខេត្តប្រដេញតាម រហូតដល់ចំណុចខាងលើ ជនសង្ស័យភ័យស្លន់ស្លោរជិះគេចជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ត្រូវបានកម្លាំងអាវុធហត្ថចាប់ក្របួចបាន។
បន្ទាប់ពីឃាត់ជនសង្ស័យបាន រួមជាមួយម៉ូតូមួយគ្រឿង ត្រូវបាននាំទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ជ្រោយពេជ្រ